រៀនបានតិចទេ តែលោក សោម សម្បត្តិ ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ

ជីវិតរបស់មនុស្សយើងម្នាក់ៗគឺពិតជាមើលមិនឃើញឡើយ មានអ្នកមាន ឬ អ្នកមានទ្រព្យសម្បត្តិស្តុកស្តមភាគច្រើនគឺសុទ្ធតែចាប់ផ្តើមកសាងជីវិតពីចំណុចសូន្យ ដោយពួកគេត្រូវឆ្លងកាត់ការតស៊ូ លំបាកគ្រប់បែបយ៉ាង ទម្រាំតែទទួលបានជោគជ័យ ។ លោក សោម សម្បត្តិ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ខាំ ផែន ថ្នាំពណ៌ជាតិ លោកគឺជាក្មេងកំព្រាឪពុក ម្តាយ មិនបានសិក្សា រៀនសូត្របានខ្ពង់ខ្ពស់នោះទេ លោកបានសិក្សារៀនសូត្រត្រឹមថ្នាក់ទី ៦ បថមភូមិប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ ក្នុងស្រុកដ៏ធំមួយ ។

លោកកើតនៅក្នុងឆ្នាំ ១៩៧២ នៅខេត្តតាកែវ លោកបានធ្លាក់ខ្លួនជាកូនកំព្រាតាំងពីអាយុ ៦ឆ្នាំមកម្ល៉េះ ដោយសារតែជាកូនកំព្រា និង ជីវភាពគ្រួសារជួបការលំបាកនោះ លោកមិនបានសិក្សារៀនសូត្របានជ្រៅជ្រះដូចជាក្មេងដទៃទៀតឡើយ ។ ថ្វីត្បិតតែ រៀនបានត្រឹមថ្នាក់ទី៦ នៅកម្រិតបថមភូមិក៏ពិតមែន តែលោក សោម សម្បត្តិ ហាក់មានប្រាជ្ញាស្មារតី និង ទេពកោសល្យពីកំណើតនៅក្នុងការធ្វើជំនួញនេះ ។ ពេលជួបជាមួយ «ប្រជាប្រិយ»លោក សោម សម្បត្តិ បានរៀបរាប់ថា « រហូតមកដល់ពេលនេះ ខ្ញុំចេះតែមានអារម្មណ៍ថា ខ្ញុំត្រូវមកដល់ចំណុចនេះ ដោយរបៀបណា ពីព្រោះក្នុងជីវិតរបស់យើងមិននឹកស្មានថា យើងអាចមកដល់ថ្ងៃនេះទេ​ មានពេលខ្លះភ្ញាក់ពីដេក ខ្ញុំគិត និង សួរខ្លួនឯងថា ចុមអញមកដល់ទីនេះយ៉ាងម៉េច ? ហើយមូលហេតុដែលយើងត្រូវសួរខ្លួនយើងថាមកយ៉ាងម៉េចនេះ ព្រោះនៅក្នុងដំណើរជីវិតនាពេលកន្លងមកមានការលំបាក ហើយយើងកើតមកនៅក្នុងសម័យកាលប្រទេសមានភ្លើងសង្គ្រាម ដែលកំពុងតែឆាបឆេះ ។ នៅពេលខ្ញុំទើបតែបានអាយុជាង ២ឆ្នាំ របបលន់ណុលបានដួលរលំទៅ ហើយរបបខ្មែរខ្មែរក្រហមក៏បានចូលមកដល់ សម័យនោះមិនមែនជួបតែយើងម្នាក់ឯងនោះទេគឺជួបទាំងអស់គ្នា ហើយឪពុកខ្ញុំជាអ្នកបើកយន្តហោះ (យន្តហោះយោធា) ចំមុខដែលប៉ុលពតត្រូវការរក ហើយគាត់ក៏បាត់បង់ជីវិតក្នុងសម័យនោះតែម្តង ។ ហើយម្តាយខ្ញុំបានធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ជាមួយនឹងកូន៤នាក់ ដោយសារឆ្លងកាត់ការលំបាក និង តស៊ូតែម្នាក់ឯងបាន គាត់ក៏មានគ្រួសារម្នាក់ទៀត ក្រោយពីមានគ្រួសារម្នាក់ទៀតបានប្រហែលជាង១០ឆ្នាំ គាត់ក៏បានស្លាប់ទៅ ដែលធ្វើឱ្យខ្ញុំក្លាយជាក្មេងងកំព្រាទាំងឪពុក ទាំងម្តាយ តែតាមការពិត ពេលម្តាយស្លាប់ខ្ញុំក៏អត់បាននៅជាមួយគាត់ដែរ ដោយសារតែជីវិតយើងក្រីក្រពេកយើងរស់នៅជុំគ្នាមិនកើត ត្រូវបែកខ្ញែកគ្នាដើម្បីរស់ ។ កាលនោះខ្ញុំបានជ្រើសរើស និង គិតថា អត់ត្រូវទៅរកកន្លែងធ្វើការ ឬ ធ្វើការឱ្យគេនោះទេ ​ខ្ញុំសុខចិត្តចូលបម្រើកងទ័ពវិញ មានន័យថា បើទៅស៊ីឈ្នួលចិន វាអត់មានសេរីភាព វាអត់ក្លាហាន វាអត់បានប្រយុទ្ធ ខ្ញុំមានបងប្រុសម្នាក់ដែលគាត់ធ្វើជាទាហាន ខ្ញុំក៏ទៅធ្វើទាហាននៅឆ្នាំ ១៩៨៩ ជាមួយគាត់ដែរ ប៉ុន្តែបងប្រុសខ្ញុំជាអ្នកចេញច្បាំង ដោយសារខ្ញុំពេលនោះ នៅក្មេងពេកមានអាយុទើបតែ ១៧ឆ្នាំ ម្ល៉ោះហើយគេមិនសូវឱ្យទៅសមរភូមិមុខនោះទេ គេឱ្យនៅជួយដាំបាយ ។ នៅពេលគេចល័តទីពីមួយកន្លែងទៅមួយកន្លែងភាគច្រើន គេឱ្យស្ពាយឆ្នាំងបាយ ។

ជាចៃដន្យនៅក្នុងឆ្នាំ ១៩៨៩ គេចាប់ផ្តើមមានការចរចារគ្នា មុននឹងឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះ ការពិតមានការចរចារគ្នាតាំងពី ឆ្នាំ ១៩៨៧មកម្ល៉េះ តាំងពីមុនខ្ញុំចូលធ្វើទាហាន ​ប៉ុន្តែ១៩៨៩ មានការចរចារគ្នា ហើយការចរចារគ្នានោះ មានភាពតឹងតែងខ្លាំង ហើយឆាកប្រយុទ្ធផ្តាច់ព្រ័ត្រ ក៏ក្តៅគគុក មុននឹងត្រូវគ្នាគឺវ៉ៃគ្នាយកព្រៀបដើម្បីយកព្រៀបនៅលើតុចរចារ ។ ហើយខ្ញុំនៅចាំបានថា នៅឆ្នាំ ១៩៨៩-៩០នោះគឺជាឆ្នាំ ដែលមានមនុស្សស្លាប់ច្រើនណាស់ ដោយសារការប្រយុទ្ធគ្នាខ្លាំង ចឹងបានជាយើងម្នាក់ៗអ្នកណាត្រូវតែឱ្យតម្លៃសន្តិភាពដែរ ដល់ពេលគេចរចារទីក្រុងប៉ារីសត្រូវគ្នា ខ្ញុំក៏នឹកឃើ់ញពាក្យខ្មែរមួយឃ្លានិយាយថា « ស្រុកសង្គ្រាមគេត្រូវការអ្នកក្លាហាន ស្រុកសានត្រាន គេត្រូវការអ្នកចេះដឹង »សន្តិភាពមកដល់ហើយ កាំភ្លើងមិនមែនជាអាវុធមុតស្រួចទៀតទេ គឺចំណេះវិជ្ជានោះទេ ជាអាវុធមុតស្រួច ។ កាលពីឆ្នាំ ១៩៩១ ខ្ញុំទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំអាចនឹកឃើញថា ខ្ញុំត្រូវតែផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ពេលនោះខ្ញុំក៏សុំលាឈប់ពីកងងទ័ព ខ្ញុំក៏ទៅជុំរុំ ។

ពេលទៅជុំរុំនោះគឺមានបំណងតែមួយគត់ ទៅរៀននៅដំណាក់កាលចុងក្រោយ រៀនបានអីយកនោះមក ពេលដែលត្រឡប់មកស្រុកខ្មែរវិញ មានការងារធ្វើ ។ ខ្ញុំទៅរៀននៅជុំរុំនោះគឺំមានពេលតែ៨ខែនោះទេ នៅដើមឆ្នាំ ១៩៩២ ខ្ញុំទៅតែម្តង គឺទៅរៀនភាសាអង់គ្លេស ,ភាសាថៃ និង រៀនភាសាខ្មែរឡើងវិញផង ព្រោះខ្ញុំបានរៀនខ្មែរបានត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ អ៊ីចឹងធ្វើយ៉ាងម៉េចឱ្យចេះភាសាខ្មែរឱ្យបានច្រើនបន្តិច ព្រោះគិតថា នៅពេលចេះភាសាទៅធ្វើជាអ្នកបកប្រែ ។ ហើយជាអំណោយផលពីធម្មជាតិ ខ្ញុំពិតជាអរគុណឪពុក ម្តាយ ដែលបានបង្កើតមក ទោះជាគាត់បានស្លាប់ចោលទៅ តែគាត់បានបន្សល់នូវរូបសម្បត្តិមួយ ដែលពេញលក្ខណល្អមានសតិប្រាជ្ញា មានខួរក្បាលពូកែចង់ចាំ អ៊ីចឹងរយៈពេល ៨ខែ ខ្ញុំរៀន ៣ភាសានេះ នៅក្នុងពេលតែមួួយ ហើយខ្ញុំគិតថា ខ្ញុំចេះប្រើប្រាស់ភាសាបានល្អទាំង៣នេះ ។ នៅពេលគេធ្វើសម្ភាសធ្វើជាអ្នកបកប្រែ ដើម្បីជួយរៀបចំការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនមកពីជុំរុំវិញ ខ្ញុំសម្ភាសទៅជាប់ ពេលដែលខ្ញុំសម្ភាសជាប់ សូម្បីតែគ្រូបង្រៀនខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ ព្រោះគាត់គិតថា យើងងទើបតែចូលរៀននៅជុំរុំ ហើយសម្ភាសជាប់ ហើយអ្នករៀនយូរហើយសម្ភាសមិនជាប់។ ខ្ញុំគិតថា វាក៏ជាចំណុចគន្លឹះមួយដែរ ដើម្បីជាការចែករំលែកដល់អ្នកអានប្រជាប្រិយផងដែរ ព្រោះមានពេលខ្លះយើងត្រូវគិតថា ការដែលគេរើសយកមនុស្ស ឬ បុគ្គលិក មិនប្រាកដថា គេរើសយកតែសមត្ថភាពមួយមុខនោះទេ ពីព្រោះពេលខ្លះ គេរើសយកអ្នកមានសមត្ថភាពទាបជាងទៅវិញ តែមានចរិតលក្ខណល្អជាង មើលទៅគួឱ្យស្រលាញ់ គួឱ្យចូលចិត្ត មានសភាវគតិ របៀបរៀបរយល្អ វិន័យល្អ ។ ចឹងមូលហេតុដែលគេរើសយកខ្ញុំនោះគឺគេមិនមើលលើចំណេះដឹងជាធំនោះទេ គ្រាន់តែថា ភាសាអង់គ្លេសខ្ញុំអាចប្រើការបាន ប៉ុន្តែអាការដែលមើលទៅគួរឱ្យចូលចិត្ត គួរឱ្យស្រលាញ់ មានភាពទាក់ទាញ មានអត្តចរិកល្អ ដែលអាចយកមកបណ្តុះបណ្តាល និង ធ្វើការបាន ជាកត្តាមួយដែលមានភាពទាក់ទាញខ្លាំងធ្វើឱ្យគេរើសយកខ្ញុំធ្វើជាអ្នកបកប្រែ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ នាពេលនោះ ។ កាលណោះ បើនិយាយថា បើនិយាយជាប្រាក់ខែវិញមួយសប្តាហ៍បើគិតទៅ បានលុយប្រហែលជា ៣ដុល្លារនោះទេ ប៉ុន្តែសម្រាបយើង មួយសប្តាហ៍៣ដុល្លារនោះគឺច្រើនណាស់ ដោយសារតែយើងមិនដែលមានចំណូលអ្វីមួយរៀលទាល់តែសោះ មនុស្ស ដែលមិនធ្លាប់ស្គាល់លុយ តែនៅពេលចេះភាសា ហើយធ្វើការបានលុយវាពិតជាមានភាពអស្ចារ្យខ្លាំងណាស់សម្រាប់ខ្ញុំ ។

កាលណោះ ខ្ញុំធ្វើជាអ្នកបកប្រែបានប្រហែលជា ៣ ឬ ៤ខែ ស្រាប់តែគេថាដល់ឈ្មោះត្រូវធ្វើមាតុភូមិនិវត្តន៍ដែរ ខ្ញុំក៏ឡើងឡានដឹកជនភៀសខ្លួនធ្វើមាតុភូមិនិវត្តនោះមក នៅពេលមកដល់ភ្នំពេញ ក៏ស្វះស្វែងរកការងារធ្វើសម័យអ៊ុនតាក់ ក៏ជាប់ជាអ្នកបកប្រែសម័យអអ៊ុនតាក់នោះទៀត ។ ជាថ្មីម្តងទៀត ខ្ញុំនៅតែនិយាយថា ខ្ញុំដូចជាមានអំណោយផលពីធម្មជាតិ ពេលទៅធ្វើការនៅកន្លែងណា ដឹងតែមេស្រលាញ់តែម្តង ចូលធ្វើការមានឋានស្មើៗគ្នាតែធ្វើការបានតែ ៥ ឬ ៦ខែ ដឹងតែមេដំឡើងជាជំនួយការ និង ឱ្យជួយគ្រប់គ្រងអ្នកដទៃទៀត ។ និយាយទៅខ្ញុំចាប់ផ្តើមដឹកនាំ និង គ្រប់គ្រងមនុស្សតាំងពីខ្ញុំអាយុ ២១ឆ្នាំមកម្ល៉េះ ឥឡូវខ្ញុំអាយុ ៤៨ឆ្នាំ មានន័យថា ថ្វីត្បិតតែខ្ញុំអាយុតិចមែន តែខ្ញុំមានបទពិសោធដឹកនាំ និង គ្របគ្រងមនុស្ស ២៧ឆ្នាំមកហើយ ។

នៅពេលចប់អ៊ុនតាក់ទៅ ខ្ញុំមានគំនិតមួយចង់ក្លាយជាអ្នកមាន មានមហិច្ចតាមួយថ្មីថា អត់ចង់ធ្វើការងារណា ដែលស្រួល ព្រោះយើងនៅរដ្ឋាភិបាលយើងថា ការងារនោះស្រួល ទៅអង្គការខ្ញុំថា ការងារស្រួល ដូច្នេះខ្ញុំមិនចង់ធ្វើការងារណាស្រួលនោះទេ ព្រោះខ្ញុំខ្លាចអត់មាន បើដើរមើលតាមផ្សារឃើញតែអ្នករកស៊ីដែលមាន ។ ពេលនោះខ្ញុំមានគំនិតមួយ បើធ្វើការងារមន្ត្រីរាជការ បើចំកន្លែងខ្លាញ់ ទើបអាចរកលុយបាន ។ នៅក្នុងជីវិតមនុស្ស ដែលហ៊ានសម្រេចចិត្តដូចខ្ញុំនេះគឺមានតិចណាស់ ពេលនោះបើខ្ញុំទៅធ្វើការឱ្យអង្គការគេឱ្យប្រាក់ខែខ្ញុំ១៩០ដុល្លារ នៅឆ្នាំ ១៩៩៤ ច្រើនណាស់ ស្មើនឹង១៩០០ដុល្លារបច្ចុប្បន្ននេះ ហើយដល់ពេលខ្ញុំទៅធ្វើការនៅឯកជនគេឱ្យខ្ញុំតែ ៧០ដុល្លារប៉ុណ្ណោះ តែខ្ញុំគិតថា ១៩០ ដុល្លារ វាធ្វើឱ្យខ្ញុំស្រួល តែ៧០ដុល្លារនេះវាធ្វើឱ្យខ្ញុំមាន ពេលនោះគំនិតរបស់ខ្ញុំគិតបែបនេះ ។ នៅពេលខ្ញុំអានសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្របានខ្ញុំដឹងថា អញអត់ដឹងអីសោះ ប៉ុន្តែការជ្រើសរើរបស់ខ្ញុំត្រូវដូចសៀវភៅនោះអ៊ីចឹង ។ ត្រូវត្រង់ថា មនុស្សចង់ក្លាយជាអ្នកមាន គេមិនឱ្យធ្វើការយកប្រាក់ខែជាធំនោះទេ ធ្វើការកុំគិតរឿងលុយ គិតថាធ្វើការងារយ៉ាងម៉េចឱ្យបានល្អ ឱ្យរីកចម្រើន ពីព្រោះលុយវាចេះរកមនុស្សណា ដែលពូកែ មិនបាច់មនុស្សពូកែ ទៅរកលុយនោះទេគឺលុយមករកមនុស្សពូកែ ។ អ៊ីចឹងសំខានអ្នកធ្វើឱ្យតែមានស្នាដៃ ឬ ពូកែទៅ លុយវានឹងមកហើយ ។

ពេលដែលខ្ញុំសម្រេចចិត្តបែបនោះវិញ សូម្បីតែក្រុមគ្រួសាររបស់ខ្ញុំគេឆ្ងល់គ្រប់គ្នា បើមិត្តភក្តិវិញចប់ជាមួយគេតែម្តង គេថា ខ្ញុំជាមនុស្សភ្លើ ធ្វើការនៅអង្គការស្រួល ធ្វើពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ថ្ងៃអាទិត្យសម្រាក ឯងវិស័យឯកជនធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅ ។ នៅពេលយើងចាប់ផ្តើមជាមួយប្រាក់ខែ ៧០ដុល្លារចេះតែមានក្រុមហ៊ុនផ្សេងៗគេមើលឃើញ គេថាក្រមានក្មេងណាធ្វើការល្អអ៊ីចឹងណាស់ ។ អ៊ីចឹងម្នាក់ៗចេះតែដេញថ្លៃ ឱ្យឡើងបន្តិច ៗខ្ញុំដូរបាន ៧ ,៨ក្រុមហ៊ុន ឡើងពីប្រាក់ខែ៧០ ដល់ប្រាក់ខែ ១០០០ដុល្លារ ។ ដល់ពេលមកក្រុមហ៊ុនចុងក្រោយ មុនពេលខ្ញុំមកបង្កើតខាំផេននេះ បានប្រាក់ខែ ១០០០ដុល្លារហើយ ។ ដល់ពេលធ្វើការទៅអត់ត្រូវជាមួយមេតែម្តង យើងក៏មេដែរ តែអត់ត្រូវជាមួយមេដែលនៅខាងលើយើង ចេះតែមានអារម្មណ៍ថា ការចាត់ចែង និង ដឹកនាំរបស់ពួកគេអត់ល្អ អ៊ីចឹងយើងគិតថា ម៉េចក៏មិនព្រមរកឳកាស បង្កើតអ្វីមួយដោយខ្លួនឯង បើយើងស្ថិតក្រោមការដឹកនាំមិនល្អនោះ ។

ខ្ញុំក៏សម្រេចរកគ្នីគ្នាដើម្បីបង្កើតក្រុមហ៊ុនមួយ ហើយខ្ញុំបានតាំងចិត្តថា មិនថាអ្នកឯងបង្កើតរបស់អ្វីនោះទេគឺខ្ញុំលក់មិនឱ្យចាញ់គេឡើយ ឱ្យតែមានមនុស្សឱ្យខ្ញុំប្រើ ឬ ការងារឱ្យខ្ញុំធ្វើគឺធ្វើមិនឱ្យចាញ់អ្នកណាឡើយ ។ ពេលនោះឱកាសមកដល់នៅត្រង់ថា ខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុនមួយលក់សម្ភារសំណង់ ហើយក្នុងសម្ភារសំណង់ទាំងអអស់នោះ វាមានថ្នាំលាបដែរ តែថ្នាំនោះវានាំចូលមកពីក្រៅមក ហើយខ្ញុំបានឱ្យគំនិតទៅថៅកែថា របស់នេះ បើយើងសិក្សាឱ្យដល់គឺខ្មែរយើងអាចធ្វើបាន មិនគួរបន្តនាំចូលពីក្រៅមកទេ ហើយថ្ងៃក្រោយអាចស្លាប់ វាមិនងាប់នៅស្រុកយើង វាងាប់នៅស្រុកគេ ​ដូ​ច្នេះយើងក៏ត្រូវចប់ដែរ ។ បើយើងធ្វើនៅស្រុកយើងគឺដឹងតែពីរស់តែម្តង ព្រោះយើងងកំពុងតែចាប់ផ្តើមមានតម្រូវការ។ កាលនោះថៅកែខ្ញុំថា គំនិតល្អ ឱ្យរៀបចំ ។ ដល់ពេលរៀបចំទៅប្រើដើមទុនអស់ច្រើនគួរសមដែរ ពេលនោះគាត់ក៏ប្តូចិត្តវិញថា ទិញរបស់យកមកលក់ស្រាប់ងាយស្រួលចំណេញជាង ។

ប៉ុន្តែខ្ញុំនៅតែចិញ្ចឹមចិត្តមួយថា បើមានអ្នកណាគេមករួមទុនជាមួយខ្ញុំ មានទុនតូចមួយបង្កើតសិប្បកម្មតូចមួយ ខ្ញុំនឹងធ្វើថ្នាំលាបនោះឱ្យបាន ខ្ញុំបានជួបសិប្្បកម្ម ឬ សហគ្រាសខ្មែរមួយ ដែលអាចផលិតថ្នាំលាបនេះបាន ខ្ញុំក៏ចរចារជាមួយគាត់ថា សុំជួយផលិតឱ្យខ្ញុំ ដាក់យីហោឱ្យខ្ញុំ ហើយខ្ញុំយកទៅលក់ ចាប់ផ្តើមនៅឆ្នាំ ២០០៤ ។ មកដល់ពេលនេះ ខ្ញុំនៅតែអរគុណម្ចាស់សហគ្រាសនោះណាស់ ដែលគាត់ធ្វើអាក្រក់មកដាក់ខ្ញុំ ហើយធ្វើឱ្យខ្ញុំមានគំនិតថា គួរតែធ្វើខ្លួនឯង គាត់ទៅដណ្តើមអតិថិជនរបស់ខ្ញុំ)ធ្វើយើងជួបការលំបាក តែយើងមិនបោះបង់នោះទេ។ យើងគិតថា សមត្ថភាពរបស់គាត់ប៉ុណ្ណឹង គាត់អាចផលិតថ្នាំបាន យើងសមត្ថភាពលើសគាត់រឿងអីដែលធ្វើមិនបាន ខ្ញុំក៏បានឈប់ធ្វើការជាមួយគាត់ ។ នៅឆ្នាំ ២០០៣ ខ្ញុំស្វះស្វែងរកបានដៃគូ ដែលមានលុយតូចល្មមអាចយកមកចាប់ផ្តើមធ្វើសិប្បកម្ម ហើយខ្ញុំក៏គិតថា ធ្វើយ៉ាងម៉េចដើម្បីឱ្យក្រុមហ៊ុនវាល្បីខ្ញុំក៏ដាក់ឈ្មោះ CAM-PAINT ថ្នាំពណ៌ជាតិ រហូតទទួលបានជោគជ័យ ហើយយើងក៏បានប្រែខ្លួនពីសិប្បកម្មតូចមួយ រហូតមកដល់ពេលនេះ យើងបានក្លាយជាសហគ្រាសខ្នាតធំមួយ ដោយសារយើងធ្វើការជាមួយក្រសួងផ្សេងៗច្រើន ។

នៅស្រុកខ្មែររាល់ថ្ងៃខ្ញុំត្រូវបានគេចាត់ទុកថា ជាស្តេចថ្នាំលាប ដែលខ្លួនឯងពេលចាប់ផ្តើមមិនដែលដឹងថា ថ្នាំលាបនេះគេធ្វើពីអ្វីឡើយ ដោយសារខ្ញុំរៀនថ្នាក់ទី៦ ខ្ញុំមិនមែនជាអ្នកយល់ដឹងពីរូបវិទ្យា គីមីវិទ្យាគឺខ្ញុំអត់ចេះនោះទេ មនុស្សខ្ញុំក្មេងបឋមសិក្សានោះទេ ។ ចឹងធ្វើយ៉ាងម៉េចឱ្យបានល្អខ្ញុំតែងតែឈរលើគោលការណ៍មួយច្បាស់លាស់ ភាសាអង់គ្លេស ថៃ ខ្ញុំអត់ចេះខ្ញុំរៀនចេះ ។ តែការចាប់ផ្តើមដំបូងមានអ្នកបច្ចេកទេសខ្មែរយើងម្នាក់ ដែលគាត់ធ្វើការឱ្យគេ ដែលគាត់ដឹងពីវត្ថុធាតុដើមក្នុងការធ្វើថ្នាំលាបនេះ ប៉ុន្តែគាត់ចេះមិនបានទូលំទូលាយនោះទេ បើឱ្យគាត់បំបែកទៅអ្វីទៀតគឺមិនចេះនោះទេ តែខ្ញុំគិតថា បើសិនជានៅតែពឹងងគាត់នឹងដួលទៅវិញ ព្រោះបច្ចេកទេសគាត់មានកំណត់ ចឹងខ្ញុំតាំងចិត្តថា ចេះពីរៀនមានពីរក ខ្ញុំក៏ទៅរៀនខ្លួនឯងធ្វើយ៉ាងម៉េចឱ្យចេះធ្វើថ្នាំ ដោយចាប់ផ្តើមដំបូងគឺខ្ញុំទៅរៀននៅឡាបូមួយ នៅប្រទេសថៃនៅឆ្នាំ ២០០៥ និយាយរួមគឺនៅពេលបើកបានចូលឆ្នាំទី២ ទើបខ្ញុំចេញប្រយុទ្ធខ្លួនឯង បើខ្ញុំមិនចេះបច្ចេកទេសខ្លួនឯងវាអត់បែកទេ ។

នៅពេលខ្ញុំចូលប្រឡូក និង ទៅរៀនខ្លួនឯង ខ្ញុំក៏ចាប់ផ្តើមកសាងមនុស្សក្នុងស្រុក ហើយឱ្យរៀនភាសាមុនសិនដើម្បីអាចស្តាប់គេឱ្យយល់សិន ។ មកដល់ពេលនេះ កិច្ចការបច្ចេកទេស ខ្ញុំគ្រាន់តែរួមធ្វើការងារជាមួយក្រុមការងាររបស់ខ្ញុំនោះទេ ប៉ុន្តែយើងមានក្រុមបច្ចេកទេសរបស់យើង ហើយតាំងពីយើងបង្កើតខាំផេនរហូតមកដល់ពេលនេះ យើងមិនបានជួលជនបរទេសណាម្នាក់មកធ្វើការនោះទេគឺយើងប្រើខ្មែរតាំងពីដំបូងទី ខ្ញុំមានគំនិតមួយជំនះថា ហេតុអ្វីបានជាខ្ញុំមិនយកបរទេសមិនមែនខ្ញុំរើសអើងពូជសាសន៍នោះទេ ។ ខ្ញុំមានគំនិតមួយចង់បង្ហាញកូនខ្មែរដទៃទៀតថា អ្វីដែលគេធ្វើបាន យើងក៏ធ្វើបាន ពីព្រោះអ្នកទាំងអស់នោះ ក៏ជាមនុស្សដូចជាយើងដែរ អ៊ីចឹងហេតុអ្វីដែលយើងមិនអាចធ្វើបាន យើងក៏ទទួលស្គាល់ថា មានរឿងខ្លះវាពិតជាមានភាពអស្ចារ្យខ្លាំងមែនទែន ។ អ្វីដែលសំខានឱ្យតែយើងតាំងចិត្តធ្វើគឺយើងធ្វើបាន មានតែរឿងតិចតួចទេ ដែលយើងធ្វើមិនបាន អ៊ីចឹងយើងខំប្រឹងប្រែងមកដល់ពេលនេះ ត្រូវបានគេចាត់ទុកថា ជាស្តេចថ្នាំលាប បច្ចេកទេសក៏យើងច្បាស់ យើងក៏ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលធំជាងគេខាងថ្នាំលាប ដែលប្រជែងជាមួយក្រុមហ៊ុនមកពីគ្រប់ទិសទី នៅលើពិភពលោកបាន ។

មែនទែនទៅយើងមានការពង្រីកទូទាំងប្រទេស តាំងពីឆ្នាំ ២០១១មកម្ល៉េះ រហូតមកដល់ពេលនេះ យើងមានទាំង ២៥ខេត្តក្រុង ហើយយើងមានទាំងអ្នកចែកចាយចំនួន ១៦ ហើយយើងបានគ្របដណ្តប់ទៅលើទីផ្សារលក់រាយប្រហែលជា ២ពាន់ដេប៉ូ ហើយយើងមានក្រុមយើងសម្រាប់ដើរលក់តាមការដ្ឋានផ្ទាល់ៗមួយចំនួនទៀត។ ការពិតការចែកចាយទំនិញ និង ការបញ្ជូនទំនិញរបស់យើងគឺទូលំទូលាយមែនទែន នៅក្ុងក្របខណ្ឌទូទាំងប្រទេសតែម្តង គិតមកដល់ឆ្នាំ ២០២០នេះយើងអាចនិយាយ ដោយមោទនភាពថា​ គេកាត់បន្ថយប្រាក់ខែ ឯយើងតម្លើងប្រាក់ខែ គេកាត់បន្ថយបុគ្គលិក យើងរើសបុគ្គលិកបន្ថែម គឺយើងដើរបញ្ច្រាស់ស្ថានភាពតែម្តង នៅឆ្នាំ ២០២០នេះ យើងមានបុគ្គលិកចំនួន ១៧៥នាក់ ។

បើយើងត្រឡប់ទៅមើលពីខាងដើមមកវិញ ខាំផេន ចាប់ផ្តើមពីឆ្នាំ ២០០៤មក យើងជួបឆ្នាំ ដែលអត់មានកំណើន ១ឆ្នាំ គឺនៅឆ្នាំ ២០១០ ដោយសារចំហាយវិបត្តិសេដ្ឋកិច្ចពីឆ្នាំ ២០០៨មក ហើយនៅពេលនោះក្រុមហ៊ុនខ្ញុំនៅនឹងមិនថយក្រោយ មិនទៅមុខ មិនធ្លាក់ មិនឡើង ។ ចាប់ពីឆ្នាំ ២០១១ យើងបន្តឡើងទៀត ឡើងរហូតមកដល់ឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០២០នេះ ថ្វីត្បិតយើងជួបនៅក្នុងស្ថានភាពកូវីដនេះ សម្រាប់ខាងខាំផេន ថ្នាំពណ៌ជាតិគឺយើងនៅដំណើរការបានយ៉ាងល្អ តួលេខលក់របស់យើងអត់ធ្លាក់នៅក្រោមឆ្នាំ ២០១៩នោះទេ យើងអាចនិយាយបានថា អន់បំផុតក៏ប្រហែលឆ្នាំ ២០១៩ដែរ យើងធ្វើបានល្អមែនទែនក្នុងចំណោមក្រុមហ៊ុន ដែលធ្វើបានល្អបំផុតនោះគឺយើងប្រាកដជាមានឈ្មោះនៅក្នុងនោះដែរ ។

ទាក់ទងនឹងសំណួរ សួរថា តើមានចំណុចគន្លឹះអ្វីខ្លះ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបានជោគជ័យរហូតមកដល់ពេលនេះ ?

ដោយសារខ្ញុំជាអ្នកគ្រប់គ្រងស្ថាប័នវិស័យឯកជនម្នាក់ ខ្ញុំអាចយល់ច្បាស់ពីយុទ្ធសាស្ត្រអាជីវកម្ម និង យុទ្ធសាស្ត្រទីផ្សារគឺដោយសារខ្ញុំជាគ្រូបណ្តុះបណ្តាលខាងអាជីវកម្មនេះ និង ជាគ្រូជំនាញខាងទីផ្សារទៀត ម្ល៉ោះហើយខ្ញុំមានគោលការណ៍ទីផ្សារ និង គោលការណ៍ធ្វើអាជីវកម្មច្បាស់គឺខ្ញុំផ្អែកទៅលើគោលការណ៍ទាំង ៧ ចំណុច ។ ដោយគោលការណ៍ទី១ សំដៅទៅលើធនធានមនុស្ស ចឹងមានន័យថា យើងខិតខំកសាងធនធានមនុស្សបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្សរហូតដល់ពួកគេប្រែក្លាយជាធនធានមនុស្សដ៏ល្អ យើងអត់ខ្លាចការប្រកួតប្រជែងនោះទេ ព្រោះមនុស្សយើងមានសមត្ថភាព ។ ទី២ ដោយសារតែយើងមានមនុស្ស ដែលពូកែ មនុស្សដែលមានចំណេះ ជំនាញ ចឹងយើងអាចផលិតបានល្អជាងគូប្រកួតប្រជែង បើប្រៀបធៀបជាមួយក្រុមហ៊ុនក្នុងស្រុកដូចគ្នាគឺយើងវ៉ាដាច់តែម្តង ។ ទី៣ ទីកន្លែងចែកចាយ យើងមានការបែងចែក ទូលំទូលាយ នៅទូទាំងប្រទេស ហើយយើងក៏ជាក្រុមហ៊ុនថ្នាំលាបតែមួយគត់ ដែលមានសមត្ថភាពធ្វើការបែងចែកទំនិញនៅទូទាំងប្រទេស យុទ្ធសាស្ត្របែងចែកទំនិញរបស់យើងគឺល្អ ។ ទី៤ យើងចេះកាត់ចំណែកទីផ្សារ កំណត់ថ្លៃថា យើងត្រូវមានរបស់មួយ ដែលអ្នកមាន ក៏មានរបស់លក់ឱ្យ អ្នកមធ្យមក៏យើងមានរបស់លក់ឱ្យ អ្នកក្រក៏យើងមានរបស់លក់ឱ្យ ដូច្នេះយើងមានរបស់ច្រើនជម្រើស ដែលមានតម្លៃខុសៗគ្នា ដើម្បីឱ្យមនុស្សមានជម្រើសរើសរបស់យើងបាន ។ ទី ៥ ការឃោសនា ការផ្សព្វផ្សាយនេះ គឺយើងមានយុទ្ធសាស្ត្រចម្រុះច្រើនណាស់ ។ ទី ៦ យើងមានការរៀបចំប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុនបានល្អ ដូចជាឥឡូវនេះខាំផេនយើងមានប្រព័ន្ធ ISO 9001 ,2015 យើងរៀបចំកន្លែងឱ្យមានរបៀបរៀបរយ ។ ហើយយើងកំពុងរៀបចំប្រព័ន្ធមួយទៀត ដើម្បីគ្រប់គ្រងការខ្ជះខ្ជាយ ហើយនៅឆ្នាំខាងមុខនេះ យើងនឹងរៀបចំប្រព័ន្ធបរិស្ថាននិយម ដែលយើងក្លាយទៅជារោងចក្រគំរូរោងចក្រ ដែលមានបរិស្ថានល្អ និង ទី៧ យើងមានការរៀបចំកន្លែងបានស្អាត និង មានរបៀបរៀបរយ នេះជាផ្នែកមួយក្នុងការកសាងទំនុកចិត្ត និង កេរ្តិឈ្មោះនៅក្នុងទីផ្សារ ។

ជាទិសដៅទៅថ្ងៃអនាគត ខាំផេនគឺបង្កើតឡើងនៅក្នុងគោលបំណងមួយថា យើងចង់ឱ្យខ្មែរយើងមោទនភាព ប្រើរបស់ក្នុងស្រុកត្រូវកាត់បន្ថយការនាំចូលពីស្រុកគេមក បង្កើនការផលិតក្នុងស្រុករបស់ខ្លួនឱ្យបានច្រើន ។ មកដល់ពេលបច្ចុប្បន្ននេះ យើងឃើញថា យើងពិតជាធ្វើបានមែន ។ អ៊ីចឹងសម្រាប់ខ្ញុំ ទិសដៅទៅថ្ងៃអនាគតនឹងពង្រីកសង្វាក់ផលិតផល ផ្សេងៗទៀតឱ្យបានច្រើន ៕

Related posts

Leave a Comment