ថៃយល់ព្រមបើកដៃ ឱ្យអ្នកស្រឡាញ់ភេទដូចក្នុងប្រទេស រួមរស់នឹងគ្នាបាន

គណៈរដ្ឋ​មន្ត្រី​ប្រចាំ​ប្រទេស​ថៃ បាន​យល់ព្រម​លើ​សេចក្ដី​ព្រាង​ច្បាប់​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី ០៨ ខែ​កក្កដា​កន្លង​ទៅ​នេះ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អាច​មាន​សិទ្ធិ​រួមរស់​ជាមួយ​គ្នា​សឹង​តែ​ដូច​ជា​គូ​ស្នេហ៍​​ដែល​បាន​រៀបការ​នឹង​គ្នា ក្នុង​ចលនា​បែប​សេរីនិយម​បំផុត​មួយ សម្រាប់​ប្រទេស​បែប​អភិរក្ស​មួយ​នេះ ដែល​ស្គាល់​ចំពោះ​ភាព​ចេះ​អត់ឱន​របស់​ខ្លួន​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ ។

ប្រសិន​បើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​សភា​ប្រកាស​អនុម័ត ប្រទេស​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ទី ២ ក្នុង​តំបន់​អាស៊ី ដែល​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រួមរស់​នឹង​គ្នា​បាន រួម​ទាំង​អាច​សុំ​កូន​មក​ចិញ្ចឹម និង​ ផ្ដល់​សិទ្ធិ​គ្រប់គ្រង​មរតក កាន់កាប់​ទ្រព្យសម្បត្តិ​រួម​គ្នា​ផង​ដែរ ។

បើ​តាម​សម្ដី​លោក​ស្រី Ratchada Thanadirek អ្នក​នាំពាក្យ​អនុ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា «សេចក្ដី​ព្រាង​ច្បាប់​នៃ​ភាព​ជា​ដៃគូ​ស៊ីវិល​នេះ គឺ​ជា​ជំហាន​សំខាន់​មួយ​សម្រាប់​សង្គម​ថៃ​ក្នុង​ការ​ផ្សព្វផ្សាយ​សិទ្ធិ​ស្មើ​គ្នា និង​ គាំទ្រ​លើ​សិទ្ធិ​សេរីភាព​នៃ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា​ក្នុង​ការ​កសាង​គ្រួសារ និង​រស់​នៅ​ក្នុង​នាម​ជា​ដៃ​គូ» ។ សេចក្ដី​ព្រាង​ច្បាប់​នេះ ដំបូង​ឡើយ​ត្រូវ​បាន​ប្រកាស​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​មិនអាច​​អនុម័ត​បាន​មុន​ពេល​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន ។

ប្រទេស​ថៃ ត្រូវ​បាន​ឲ្យ​ដឹង​ថា ជា​ប្រទេស​មួយ​កាន់​សាសនា​ព្រះពុទ្ធ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត ប៉ុន្តែ​ក៏​ជា​ប្រទេស​មួយ​ដែល​ទទួល​បាន​កិត្តិនាម​លើ​ភាព​បើក​ចំហ និង ​គំនិត​បើក​ចិត្ត​ទូលំទូលាយ​ផង​ដែរ ។ ដោយ​សារ​ផ្នត់​គំនិត​នេះ ប្រទេស​ថៃ​បាន​ទាក់ទាញ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា ដូច​ជា​ស្រី​ស្រឡាញ់​ស្រី ប្រុស​ស្រឡាញ់​ប្រុស អ្នក​ស្រឡាញ់​ទាំង ២ ភេទ និង ​អ្នក​កែ​ភេទ រួម​ទាំង​មាន​បង្កើត​យុទ្ធនាការ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរ LGBT ផង​ដែរ ៕

Related posts

Leave a Comment