មុនក្រោយគ្នាមួយថ្ងៃ តារាចម្រៀង ២ ដួង ទទួលបានសមាជិកថ្មីគួរឱ្យស្រឡាញ់

នៅក្នុងខែកក្កដានេះតារាចម្រៀងពីរដួងបានទទួលសមាជិកថ្មីបន្តបន្ទាប់គ្នាដែលមានដូចជាតារាចម្រៀង សុន ស្រីពេជ្រ និង លោក ជុំ លីណូ ។ អ្នកទាំងពីរបានទទួលសមាជិកដែលមានមុខមាត់គួរឱ្យក្នាញ់ ។

តារាចម្រៀង សុន ស្រីពេជ្រ បានទទួលសមាជិកថ្មីគឺកូនប្រុសទីពីរដែលនាងបានសម្រាលកាលពីថ្ងៃទី ១២ ម្សិលមិញនេះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ជាមួយនឹងទឹកមុខស្រស់ស្រាយ សុន ស្រីពេជ្រ បានបង្ហោះសារថា «កើតហើយកូនប្រុសម្តាយ ពេជ្រ វឌ្ឍនា ៣.៧៥ គីឡូ ម៉ោង ៤:៥៥ ព្រឹក ថ្ងៃទី ១២ ខែកក្កដា ២០២០»​។ ក្នុងនោះក៏មានជូនពរពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រចំពោះការទទួលសមាជិកថ្មីដែលមានមុខមាត់គួរឱ្យស្រឡាញ់បែបនេះ ។ នេះជាកូនទីពីររបស់ សុន ស្រីពេជ្រ ក្រោយពីនាងបានសម្រេចចិត្តរៀបការកាលពីថ្ងៃទី ២៣ តុលាកន្លងទៅ ខណៈកូនស្រីទីមួយមានវ័យប្រមាណជាងមួយឆ្នាំហើយ ។

ងាកមកតារាចម្រៀងពូកែបញ្ចេញស្ទីលរាំលោក ជុំ លីណូ ឯណេះវិញក៏ទទួលបានសមាជិកថ្មីជាកូនស្រី កាលពីថ្ងទី ១៣​ព្រឹកមិញនេះដែរ ។ ជាមួយនឹងក្តីរំភើបដោយបានក្លាយជាឪពុករបស់គេជាលើកដំបូង លោក ជុំ លីណូ បានបង្ហាញរូបភាពជាមួយភរិយា និង កូនស្រីតូចទើបសម្រាលជាមួយនឹងសារខ្លីថា « វេលាម៉ោង (១:៣០pm) ថ្ងៃច័ន្ទ ខែកក្តដា ឆ្នាំ ២០២០ អូន (ហ្វេន) (ស្រី) សូមជំរាបសួរ លោកយាយ លោកតា អ៊ំពូមីង ប៉ាម៉ាក់ ទាំងអស់ សុខសប្បាយជាទេ? សូមទទួលការរាប់អានពីអូន (ហ្វេន) ដោយក្តីស្រឡាញ់ផង ។ សូមជូនពរ អ៊ំ ពូ មីង តា យាយ ទាំងអស់រួមទាំងប៉ាម៉ាក់ អូន ហ្វេន សូមឱ្យមានលាភមានជ័យជារៀងរហូត» ។ បើទោះមិនទាន់រៀបការតែលោក ជុំ លីណូ និង គូដណ្តឹងបានសម្រេចចិត្តយកកូនដំបូងក្រោយភ្ជាប់ពាក្យកាលពីចុងខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ៕

Related posts

Leave a Comment