វ៉េត រតនា ខានឃើញយូរ នៅតែស្អាត ហើយកំពុងរស់នៅយ៉ាងមានក្តីសុខនៅសហរដ្ឋអាមេរិក…

ជឿជាក់ថា មហាជនប្រហែលជានៅចាំបាន អតីតតារាសម្តែងសម្បុរស្រអែមស្រស់ វ៉េត រតនា ដែលពេលនេះ កំពុងរស់នៅយ៉ាងមានក្តីសុខ នៅសហរដ្ឋអាមេរិក ជាមួយនឹងជីវភាពធូរធារ ដែលមានទាំងជំនួញនៅក្នុងស្រុក និង ក្រៅស្រុក

ហាក់មានសំណាងជាងតារាដទៃ ព្រោះរស់នៅសហរដ្ឋអាមេរិករាល់ថ្ងៃនេះ វ៉េត រតនា មិនបានប្រកបអាជីពសិល្បៈអ្វីឡើយ ពោល​គឺនាងមានជំនួញផ្ទាល់ខ្លួន។ ជំនួញនោះ បងប្អូនខ្មែររស់នៅអាមេរិកភាគច្រើនសុទ្ធតែស្គាល់ថា គឺជាម៉ាតដែលមានឈ្មោះថា «បាត់ដំបងផ្សារខ្មែរ»។ ក្រៅពីនេះ នាងក៏មានសណ្ឋាគារមួយ នៅក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់នាងផ្ទាល់តែម្តង។

ពេលនេះដែរ អតីតតារាសម្តែងរូបនេះ មានកូនពីរនាក់ប្រុសមួយ ស្រីមួយ តែបើនិយាយពីសម្រស់របស់នាង នៅតែស្អាតមិនថមថយ ពីមុនប៉ុន្មានឡើយ។ នៅឆ្ងាយស្រុកកំណើតមែនតែ វ៉េត រតនា តែងបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើន បង្ហាញដល់មិត្តភក្តិ នៅក្នុងបណ្តាញសង្គម។

គួរឱ្យដឹងថា វ៉េត រតនា ធ្លាប់ជាតារាសម្តែង ដែលមានសម្រស់ស្អាតបែបនារីខ្មែរ និង មានឈ្មោះបោះសំឡេងខ្លាំង កាលពីអំឡុងឆ្នាំ ២០០៣ ហើយរឿងសម្ដែងដែលលេចធ្លោ និង មានអ្នកគាំទ្រខ្លាំងជាងគេដែលអតីតតារាសម្ដែងរូបនេះ ធ្លាប់សម្ដែង គឺមានចំណងជើងថា «ឃុនឆាងឃុនផែន» តែគួរឱ្យស្តាយ វ៉េត រតនា បានសម្រេចចិត្តលាឈប់ពីអាជីពនេះក្រោយនាងរៀបការនៅឆ្នាំ ២០០៦​ ជាមួយលោក តឹក វណ្ឌី ដែលជាអណិកជនដែលរស់នៅសហរដ្ឋអាមេរិក ។ ទោះបីជាឈប់ពីសិល្បៈក្តីតែ វ៉េត រតនា នៅ តែស្រឡាញ់អាជីពនេះ។ ជាក់ស្តែង នៅពេលនាងមកលេងស្រុកកំណើតម្តងៗ នាងតែងបង្ហាញមុខនៅក្នុងអាជីពសិល្បៈមិនដែលខាន ដែលគេចាំបានកាលពីឆ្នាំ ២០១៥ នាង និង ក្រុមគ្រួសារបានមកលេងស្រុកកំណើត ព្រមទាំងបានចូលរួមថត MV ជាច្រើនបទ។ អ្វីដែលសរសើរគ្រានោះ គឺស្វាមីនាងលោក តឹក វណ្ឌី ក៏បានយល់ព្រមលើកទឹកចិត្ត និង បានមកមើលការសម្តែងរបស់ភរិយារហូតដល់ចប់ទាំងទឹកមុខញញឹមទៀតផង៕

Related posts