អ្នកណាមិនស្គាល់ «អានីពងទាកូន» តាំងពីជួលកន្លែងគេលក់ រហូតឈានបើកកន្លែងខ្លួនឯង ព្រោះលក់ដាច់ខ្លាំង

ពងទាកូនមានលក់ស្ទើរតែគ្រប់ទីកន្លែង ប៉ុន្តែហេតុអ្វី និង មានអ្វីពិសេស បានជាធ្វើឱ្យពងទាកូនរបស់អ្នកស្រី សួរ វួចនី ទទួលបានការចាប់អារម្មណ៍ពីអតិថិជន និង លក់ដាច់ជាងគេ ។ ដោយហាងលក់ពងទាកូនរបស់អ្នកស្រីមានឈ្មោះ អានីពងទាកូន ដែលមានទីតាំងនៅម្តុំខាងក្រោយផ្សារសាមគ្គី តាមផ្លូវ ១២២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។ នៅទីនោះ មានលក់ពងទាកូន និង ទឹកសណ្តែកសុទ្ធ ដែលមានភាពល្បីល្បាញ ជាយូរមកហើយ ។

ដោយសារតែពងទាកូន ដែលលក់នៅក្នុងហាងរបស់អ្នកស្រី សួរ វួចនីនោះ សុទ្ធតែជាពងទាកូនគ្រាប់ធំៗ មានរសជាតិឆ្ងាញ់ពិសា ។ ជាពិសេសខ្ទឹមជ្រក់មានរសជាតិឆ្ងាញ់ជាប់មាត់ ធ្វើឱ្យអ្នកដែលបានពិសាហើយសរសើរថា ពិតជាឆ្ងាញ់រហូតមានអតិថិជនខ្លះថែមទាំងទិញខ្ចប់យកទៅផ្ទះទៀត ។

ពេលជួបជាមួយអ្នកស្រី សួរ វួចនី អាយុ ៤៩ឆ្នាំ ដែលជាម្ចាស់ហាងលក់ពងទាកូននេះ បានបង្ហើបឱ្យដឹងពីមុខរបរលក់ពងទាកូននៅក្នុងហាងរបស់គាត់ថា ជារៀងរាល់ថ្ងៃខ្ញុំអាចលក់ពងទាកូនបានពី ៥០០ ទៅ ៦០០ គ្រាប់ ដោយពងទាមួយគ្រាប់មានតម្លៃ ២០០០ រៀល និង ទឹកសណ្តែកលក់ដាច់ពី ១០០ ទៅ ២០០ ដបក្នុងមួយថ្ងៃៗ ដោយមួយដបមានតម្លៃ ២៥០០ រៀល ។

ចំពោះអតិថិជន ដែលចូលពិសាពងទាកូនក្នុងហាងរបស់ខ្ញុំនេះ មានចម្រុះគ្រប់វ័យ ដោយសារតែគេដឹងពីរសជាតិពងទាកូននៅទីនេះ មានរសជាតិឆ្ងាញ់ប្លែកពីគេ ជាពិសេសរសជាតិខ្ទឹមជ្រក់ឆ្ងាញ់ជាប់មាត់ ទើបគេចេះតែប្រាប់តៗគ្នា ហើយបានណាត់គ្នាមកពិសាពងទាកូននៅទីនេះ ។ មានភ្ញៀវខ្លះ មិនត្រឹមតែហូបក្នុងហាងប៉ុណ្ណោះទេ ពួកគេថែមទាំងទិញវេចខ្ចប់យកទៅផ្ទះផ្ញើដល់ឪពុកម្តាយ បងប្អូន និង ក្រុមគ្រួសារទៀតផង ។

តើមានអាថ៌កំបាំងអ្វី ដែលធ្វើឱ្យពងទាកូននៅហាង «អានីពងទាកូន»លក់ដាច់បែបនេះ ?

ម្ចាស់ហាង «អានីពងទាកូន» បានប្រាប់ថា មូលហេតុដែលនាំឱ្យអតិថិជនមកពិសាពងទាកូននៅទីនេះច្រើនគឺមានកត្តារួមផ្សំមួយចំនួន ក្នុងនោះសំខាន់ត្រូវតែធ្វើឱ្យឆ្ងាញ់មានអនាម័យព្រមទាំងអ្នកលក់ ត្រូវមានភាពរួសរាយរាក់ទាក់ដាក់ភ្ញៀវ ។ យល់បែបនេះ ទើបអ្នកស្រីបានគិតគូរខ្លាំងទៅលើការទិញចូលពងទាកូន សម្រាប់យកមកលក់ ដោយជ្រើសរើសយកតែពងទាកូនខ្មែរ ដែលនាំមកពីខាងស្រែននោង ខេត្តតាកែវប៉ុណ្ណោះ ព្រោះវាមានរសជាតិឆ្ងាញ់ ទោះវាថ្លៃជាងគេបន្តិចក្តី ។

ជាមួយនឹងពងទាកូន ទឹកជ្រលក់ក៏ជាការសំខាន់ខ្លាំងណាស់ដែរ ពិសេសខ្ទឹមជ្រក់សម្រាប់ដាក់ជាមួយពងទាកូន បើធ្វើមិនត្រូវ វានឹងមិនមានរសជាតិធ្វើឱ្យចាប់មាត់ ជក់ចិត្តឡើយ ។ ហេតុនេះហើយ ទើបគាត់បានខំច្នៃប្រឌិតម្តងបន្តិចៗទៅតាមការផ្តល់មតិយោបល់ពីអតិថិជន ដែលចូលពិសារពងទាកូនក្នុងហាងរួចហើយ បានផ្តល់ជាយោបល់ដល់រូបគាត់រហូតបានជារូបមន្តផ្សំខ្ទឹមជ្រក់យ៉ាងមានឱជារសឆ្ងាញពិសាបែបនេះ ។

មិនមែនជាការងាយស្រួលឡើយ ទម្រាំតែបានដំណើរការអាជីវកម្មលក់ពងទាកូនរឹងមាំ រហូតមានផ្ទះលក់ខ្លួនឯងដូចពេលនេះគឺត្រូវឆ្លងកាត់ការលំបាកច្រើនណាស់ ព្រោះត្រូវជួលកន្លែងគេលក់ ។

មុនពេលឈានដល់ការចាប់របរលក់ពងទាកូននេះគឺអ្នកស្រី បានចាប់មុខរបរជាអ្នកលក់ស្បែកជើង,លក់ទឹកក្រូចពីថៃ,លក់កាបូបនៅផ្សារថ្មី,លក់អំពៅសាង តែហាក់មិនសូវកាក់កបនិង ចេះតែឈឺ ក៏ប្តូរមកលក់ពងទាកូននាឆ្នាំ ១៩៩៥ ដោយជួលកន្លែងគេលក់នៅក្បែរផ្លូវម្តុំផ្សារញ៉ែ ។ កាលណោះ ពេលកំពុងលក់ដាច់មានម៉ូយស្គាល់ច្រើន គេឈប់ជួលឱ្យ ក៏ប្តូរទៅលក់នៅម្តុំផ្សារដេប៉ូ ម៉ូយតាមទៅទៀត និង មានម៉ូយថ្មីបន្ថែមកាន់តែច្រើន មិនបានប៉ុន្មានក៏ត្រូវបានគេឈប់ជួលកន្លែងឱ្យទៀត ។ ពេលនោះ អ្នកស្រីក៏ងាកទៅជួលកន្លែងលក់ថ្មីនៅម្តុំ ដេអិន ក៏ត្រូវគេឈប់ជួលឱ្យទៀត ។ លុះដល់ឆ្នាំ ២០១៧ សន្សំលុយទិញបានផ្ទះមួយល្វែង នៅក្រោយផ្សារសាមគ្គីតាមផ្លូវ ១២២ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក៏រៀបចំជាកន្លែងលក់ពងទាកូនរហូតមក និង មានភ្ញៀវកាន់តែច្រើន ដែលគេស្កាត់មករក ព្រោះដឹងថា រសជាតិពងទាកូននិង ខ្ទឹមជ្រក់ នៅក្នុងហាងរបស់អ្នកស្រីឆ្ងាញ់ជាប់មាត់ ។

ពងទាកូន គឺជាចំណីអាហារសម្រន់មួយបែប ដែលប្រជាពលរដ្ឋខ្មែរនិយមទទួលទាន ជាពិសេសគឺពេលល្ងាច និង ក្បាលព្រលប់ ដោយវាមានប្រយោជន៍នៅក្នុងការប៉ូវកម្លាំងផង ហើយក៏ជាអាហារដ៏ឆ្ងាញ់ពិសា ដ៏ពេញនិយមផង ៕

Related posts

Leave a Comment