បុរសជនជាតិជប៉ុនដែលសារព័ត៌មានបានចុះផ្សាយថា ដេីរស្នាក់នៅតាមសួនសាធារណ: ត្រូវបានសមត្ថកិច្ចរកឃេីញ ហេីយបានរៀបចំឯកសារតាមនីតិវិធី បញ្ជូនឲ្យស្ថានទូតជប៉ុននៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១។បន្ទាប់ពីបានឃេីញការចុះផ្សាយតាមសារព័ត៌មាននានាលេីបណ្តាញសង្គមហ្វេសបុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចជំនាញការិយាល័យសេីុបសង្អេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ បានធ្វេីការចុះស្រាវជ្រាវរកបុរសជនជាតិជប៉ុន
និងបានរកឃេីញបុរសជនជាតិជប៉ុនឈ្មោះ Gen Kubuta អាយុ ៤១ឆ្នាំ នៅម៉ោង ១១:០០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចសួនមុខវត្តបទុម។បន្ទាប់មកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំគាត់ទៅពិនិត្យសុខភាពដេីម្បីធ្វើតេស្តរកមេរោគCovid-19 នៅមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ ជាលទ្ធផលគឺអវិជ្ជមាន។ជាក់ស្តែងបុរសជនជាតិជប៉ុនរូបនេះ បានចូលមកព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបាត់លិខិតឆ្លងដែន និងវីសាហួសសុពលភាព ហេីយខ្វះខាតថវិកា ទេីបមិនអាចត្រឡប់ទៅប្រទេសជប៉ុនវិញបាន។បន្ទាប់ពីធ្វេីការសាកសួរ និងពិនិត្យសុខភាពរួចរាល់រួច
នៅវេលាម៉ោង ០៨:៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ សមត្ថកិច្ចក៏បានបញ្ជូនជនជាតិជប៉ុនរូបនេះទៅឲ្យស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ កុម្ភៈ បុរសជនជាតិជប៉ុនខាងលើបានជួបនឹងនារីចិត្តធម៌ម្នាក់ ហើយនាងបានទិញទូរស័ព្ទឲ្យមួយគ្រឿងថែមទៀតផង ដើម្បីឲ្យគាត់ងាយស្រួលទាក់ទងទៅគ្រួសារនៅប្រទេសកំណើត បន្ទាប់ពីសាកសួរព័ត៌មានពីបុរសនោះខ្លះៗ។កញ្ញាខាងលើបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Kashino Nita បានសរសេររៀបរាប់ថា «បានជួបជនជាតិជប៉ុនដែលធ្លាក់ខ្លួនរេីសអេតចាយហើយ បេីតាមការសួរនាំពីគាត់ គឺថាគាត់មិនមានសាច់ញាតិអីច្រើនទេនៅជប៉ុន គឺមានតែប្អូនប្រុសម្នាក់ តែប្អូនប្រុសគាត់
គឺជាកម្មករចឹងប្អូនគាត់គ្មានលុយទិញសំបុត្រយន្តហោះឲ្យគាត់ទេហេីយខាងទូតជប៉ុនជប៉ុនក៏មិនបានចេញថ្លៃសំបុត្រយន្តហោះអោយគាត់ដែរ ចឹងហើយគាត់មានតែរេីសអេតចាយបានមួយថ្ងៃ 2$ទុកទិញបាយហូបទេ។ ខ្ញុំបានទិញទូរសព្ទអោយគាត់មួយគ្រឿង ដេីម្បីអោយគាត់អាចមានលេខទំនាក់ទំនង និងអោយលុយគាត់ខ្លះដេីម្បីទុកទិញចំណីអាហារ។សូមបងៗអូនៗជួយស៊ែរផុសនេះផង ដេីម្បីអោយអ្នកដែលចង់ជួយគាត់អាចជួយសម្រាលជីវភាពគាត់ខ្លះ ហេីយពួកយើងក៏អាចជួយគ្នាចូលលុយ ដេីម្បីអោយគាត់អាចទិញសំបុត្រយន្តហោះបានត្រឡប់ទៅផ្ទះវិញអ្នកទាំងអស់គ្នាអាចជួបគាត់ផ្ទាល់ គាត់នៅមុខវត្តបុទុមនៅម្តុំបន្ទប់ទឹក គាត់គេងលេីបង់ជិតបន្ទប់ទឹកហ្នឹងឯង»។ បន្ទាប់ពីបង្ហោះសារទាំងនេះ ក៏មានបងប្អូនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដូចគ្នា ក៏ដូចជាអ្នកសរសេរព័ត៌មាន ចែករំលែក ធ្វើឲ្យដំណឹងនេះដឹងឮដល់សមត្ថកិច្ចតែម្ដង៕ប្រភព៖ ខ្មែរឃ្លូបល