ចិញ្ចឹមត្រី ៣ ប្រភេទនេះ អាចឱ្យលោក តាំង អ៊ីមសារ៉ាវី រកចំណូលបានរហូតដល់ ៣៥ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ

ដោយសារតែមុខរបរចិញ្ចឹមត្រីបានធ្វើឱ្យជីវភាពគ្រួសាររបស់លោក តាំង អ៊ីមសារ៉ាវី មានជីវភាពប្រសើរជាងកាលពីពេលមុន ។ លោកបានចាប់ផ្តើមបើកកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង កាលពីឆ្នាំ ២០១៥ នៅភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅក្នុងកសិដ្ឋានរបស់លោក មានចិញ្ចឹមត្រីចំនួន ៣ប្រភេទគឺ ប្រភេទត្រីពោ ត្រីឆ្តោ និង ត្រីប្រា ដែលក្នុងមួយឆ្នាំៗធ្វើឱ្យលោកអាចរកចំណូលបានរហូតដល់ទៅ ៣៥ម៉ឺនដុល្លារពីមុខរបរចិញ្ចឹមត្រីនេះ ។

នៅកំឡុងពេល ដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចុះទៅពិនិត្យដល់ទីតាំងកសិដ្ឋានចិញ្ចឹមត្រីនាព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២០នេះ លោក តាំង អ៊ីមសារ៉ាវី បានមានប្រសាសន៍ថា លោកបានចាប់យករបរចិញ្ចឹមត្រីនេះ តាំងពីឆ្នាំ២០១៥ មកម្ល៉េះ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកបានពង្រីកកសិដ្ឋានចិញ្ចឹមត្រីលើផ្ទៃដី ៦ ហិកតា ក្នុងនោះ មានស្រះចិញ្ចឹមត្រីចំនួន ៨ស្រះ ដោយស្រះនីមួយៗ មានទំហំ ៨-១០ ០០០ម៉ែត្រការ៉េ ។

ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រី ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋបាលជល ផល ដូចជាការផ្តល់ចំណី ការសំអាតស្រះត្រី ការដាក់កូនត្រី ការគ្រប់គ្រង ប្រើប្រាស់ និង សម្អាតទឹក។ល។ បច្ចុប្បន្ន ជាមធ្យមលោកអាចប្រមូលផលត្រីបានចំនួន ២៥០តោនក្នុងមួយឆ្នាំ (ប្រភេទត្រីពោ ត្រីឆ្តោ និង ត្រីប្រា) ទទួលបានចំណូលសរុបប្រមាណជា ៣៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ (មិនទាន់ទូទាត់ថ្លៃដើម) ។

នៅក្នុងដំណើរចុះទៅពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក តាំង អ៊ីមសារ៉ាវី នោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងង​ នេសាទ បានមានប្រសាសន៍ថា ចំពោះការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រីនេះ គឺដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សាររាជធានីភ្នំពេញ កាត់បន្ថយការនាំចូល បង្កើតការងារ បង្កើតប្រភពចំណូលឱ្យគ្រួសារ និង ជាពិសេសប្រើប្រាស់ធនធានដែលមានក្នុងស្រុកឱ្យអស់លទ្ធភាព (ចំណី កន្ទក់ កូនត្រីចំណី ទិញកូនត្រី)។ នេះជាខ្សែចង្វាក់ផលិតកម្មមួយ ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនអាចខ្វះបាន (ក្រុមហ៊ុនផលិតចំណីត្រីទិញវត្ថុធាតុដើមពីកសិករ ផលិតចំណីលក់ឱ្យអ្នកចិញ្ចឹមត្រី អ្នកចិញ្ចឹមត្រីទិញកូនត្រី ពីអ្នកភ្ញាស់កូនត្រី ចាប់ត្រីលក់ឱ្យក្រុមហ៊ុន និង អតិថិជនទូទៅវិញ)។ លក្ខណប្រទាក់សកម្មបែបនេះ វានឹងជួយទ្រទ្រង់នូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និង សង្គមឱ្យគ្នាទៅវិញទៅមកមិនអាចខ្វះបានឡើយ ។ ហើយនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលចងឃើញវិស័យវារីវប្បកម្មកម្ពុជាមានការរីកចម្រើន នាពេលអនាគត ស្របពេលដែលធនធានមច្ឆជាតិក្នុងប្រភពធម្មជាតិត្រូវបានធ្លាប់ចុះ ដោយសារការប្រែប្រួលអាកាសធាតុ និង ការកើនឡើងនៃចំនួនអ្នកបរិភោគក្នុងស្រុក។ នេះបើយោងតាមក្រសួងកសិកម្ម ៕

Related posts

Leave a Comment