លោក ហេង ម៉ាទីណេ និង ក្រុមផលិត អាចចិញ្ចឹមកន្ធាយផ្គត់ផ្គង់ទីផ្សារបានជាង ៥ តោនក្នុង ១ ថ្ងៃ

បច្ចុប្បន្ននេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ និង ការនាំចូលសត្វកន្ធាយមកពីប្រទេសជិតខាងផងនោះ បានធ្វើឱ្យតម្លៃកន្ធាយក្នុងស្រុកមានការធ្លាក់ចុះពី ១០ដុល្លារ មកនៅត្រឹម ៧ ឬ ៨ដុល្លារក្នុងមួយគីឡូក្រាម ។ លោក ហេង ម៉ាទីណេ គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វកន្ធាយដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ហើយលោក និង ក្រុមផលិតរបស់លោក អាចផលិតកន្ធាយផ្គត់ផ្គង់ទីផ្សារបានរហូតដល់ទៅ ៥តោនក្នុងមួយថ្ងៃ ។

នៅកំឡុងពេល ដែលឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចុះទៅត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោកកាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២០ នេះ លោក ហេង​ ម៉ាទីណេ បានមានប្រសាសន៍ថា លោកបានបើកកសិដ្ឋានចិញ្ចឹមកន្ធាយនេះ តាំងពីឆ្នាំ២០០៣មកម្ល៉េះ ។ ហើយនៅពេលបច្ចុប្បន្ននេះ នៅក្នុងកសិដ្ឋានរបស់លោកមានកន្ធាយចំនួន ៥០ ០០០ក្បាល ដោយមិនរាប់បញ្ចូលជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែង និងខេត្តតាកែវ និង កសិករក្នុងតំបន់នេះ នោះទេ។ ជាមធ្យមកន្ធាយចិញ្ចឹមរយ:ពេល ១ឆ្នាំមានទម្ងង់ ១គីឡូក្រាម ដោយ១គីឡូក្រាមមានតម្លៃ ១០ដុល្លារ ហើយលោក និង ក្រុមផលិតអាចផ្គត់ផ្គង់កន្ធាយទៅកាន់ទីផ្សារបានចំនួន ៥ តោនក្នុងមួយថ្ងៃ ត្រូវការកូនកន្ធាយចំនួន ១០លានក្បាល បើកន្ធាយ ១ក្បាល មានទម្ងន់១គីឡូក្រាម ហើយមានតម្លៃ១០ដុល្លារនោះ យើងអាចរកចំណូលបាន ១០០លានដុល្លារក្នុងមួយឆ្នាំ។

លោក ហេង ម៉ាទីណេ មានប្រសាសន៍បន្តទៀតថា នៅក្នុងឆ្នាំ២០២០នេះ តម្លៃកន្ធាយមានផ្លាក់ ចុះមកនៅត្រឹម ៧-៨ដុល្លារក្នុង១គីឡូក្រាម ដោយសារមានការនាំចូលកន្ធាយមកពីប្រទេសវៀតណាម បានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ។ ដូច្នេះសូមសំណូមពរឱ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ ឬ កាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយតបតាមតម្រូវការទីផ្សារ និង ជួយឧបត្ថម្ភទុនវិនិយោគបន្ថែម ដែលទីផ្សារសត្វកន្ធាយនាពេលបច្ចុប្បន្នកំពុងពេញនិយម ជាពិសេសអតិថិជន ជាជនជាតិចិន ។ នេះបើយោងតាមក្រសួងកសិកម្ម ។

បច្ចុប្បន្ននេះ លោក ហេង ម៉ាទីណេ ក៏មានការផលិតកូនកន្ធាយសម្រាប់លក់ជូនអតិថិជនផងដែរ បើលោក អ្នក មានបំណងចង់ទិញកន្ធាយ ឬ កូនកន្ធាយយកទៅចិញ្ចឹមនោះ អាចទាក់ទងទៅលោកដោយផ្ទាល់ តាមរយ:លេខទូរស័ព្ទ៖ ០១៧/០៩៧ ៩១ ៨១ ៩១ ៕

Related posts

Leave a Comment