ខេត្តកំពត ៖ គួរឱ្យអាណិតណាស់ លោកយាយ ឯម ចង ហៅក្រៅយាយបាតឿ អាយុ84ឆ្នាំ ដែលមានកាយសម្បាទារឹងមាំអាចអូសរទេះរកអេតចាយនៅក្រុងកំពតបាន ប៉ុន្តែលោកក៏ពិការភ្នែកខាងស្ដាំផងដែរ។ ទោះបីជាមានវ័យជរាក្ដី តែលោកយាយ ឯម ចង ហៅក្រៅថាលោកយាយបាតឿ នៅតែខិតខំប្រឹងប្រែងស្វែងរករបស់ដែលជាអេតចាយនៅតាមផ្លូវនានាក្នុងក្រុងកំពតជាប្រចាំ។
លោកយាយ ឯម ចង ហៅក្រៅបាតឿ បាននិយាយប្រាប់ភ្នាក់ងារកោះសន្តិភាពខណៈពេលលោកយាយកំពុងសម្រាកហូបបាយលើខឿនផ្លូវមួយក្បែរពហុកីឡដ្ឋានក្រុងកំពត ឱ្យដឹងថា លោកយាយដើររកអេតចាយលក់បានប្រាក់៧ពាន់រៀលរួចហើយកាលពីព្រឹកមិញនេះ។ ការដើររកអេតចាយនេះមិនប្រាកដថាបានប្រាក់រហូតនោះទេ ជួនពេលខ្លះក៏បាន ជួនពេលខ្លះអត់បានប្រាក់ក៏មានដែរ។
លោកយាយ ឯម ចង និយាយប្រាប់បន្តទៀតថា គាត់មានកូន តែកូនខ្លះរស់នៅស្រុកបន្ទាយមាស និងខ្លះទៀតរស់ស្រុកកំពង់ត្រាច។
លោកយាយឯម ចង ពិតមែនតែលោកយាយមានរបរអូសរទេះរកអេតចាយដែលធ្វើឱ្យមនុស្សម្នាចាប់អារម្មណ៍ ប៉ុន្តែលោកយាយមិនដែលលើកដៃសុំទានគេនោះទេ។ ក៏ប៉ុន្តែមានអ្នកធ្វើដំណើរជិតឆ្ងាយ បើកាលណាគេប្រទះឃើញលោកយាយអូសរទេះ រួចឈប់សម្រាកហូបបាយ គឺមិនដែលមើលរំលងឡើយ តែងតែឱ្យលុយឱ្យលោកយាយតាមកម្លាំងសទ្ធារៀងៗខ្លួនផងដែរ។
បើតាមលោកស្រី សូដា ណាវី មេភូមិក្រាំងសង្កាត់ក្រាំងអំពិល បាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ថា លោកយាយឯម ចង់ មិនមានឈ្មោះនៅក្នុងសៀវភៅគ្រួសារក្នុងសង្កាត់ក្រាំងអំពិលទេ គ្រាន់តែស្នាក់នៅក្នុងភូមិជាមួយប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយអាជ្ញាធរក៏មិនចង់ឱ្យគាត់ធ្វើបែបនេះដែរ។
ចំណែកលោកស្រី ម៉ី ទូច ចៅសង្កាត់រងទី២ ក្រាំងអំពិល ក៏បានប្រាប់ឱ្យដឹងដែរថា អាជ្ញាធរក្រុងកំពត ក៏ធ្លាប់ជូនអំណោយដល់លោកយាយឯម ចង ដែរ ហើយខាងក្រុងកំពតក៏គេមិនចង់ឱ្យលោកយាយអូសរទេះប្រមូលអេតចាយដោយលំបាកលំប៉ិនបែបនេះទេ។
ដោយសារតែលោកយាយប្រាប់ដោយស្រពិចស្រពិល ម្ដងថាមានកូននៅស្រុកនេះ ម្ដងថាមានកូននៅស្រុកនោះ ទើបអ្នកយកព័ត៌មានបានមកដល់ផ្សារតន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចតែម្តង ទើបដឹងថាលោកយាយឯម ចង រស់នៅភូមិព្រែកក្រឹស ហើយលោកយាយមានកូនប្រុសស្រីចំនួន៣នាក់ផងដែរ។
ប៉ុន្តែលោក មិន សាវុធ សមាជិក្រុមប្រឹក្សាឃុំព្រែកក្រឹស បានប្រាប់ឱ្យដឹងថា កូនៗរបស់លោកយាយឯម ចង សុទ្ធតែជាគ្រួសារក្រីក្រណាស់ ទើបគាត់អូសរទេះទាំងជរា បានលុយមកជួយចិញ្ចឹមពួកកូនៗទៀតផង។