ជំងឺរលាកសួតថ្មីមួយទៀត រកឃើញនៅប្រទេស Kazakhstan កំពុងយាយីជីវិតមនុស្សជាង ៣ ម៉ឺននាក់

ជំងឺ​រលាក​សួត មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ដែល​កាច​សាហាវ និង​មាន​អត្រា​ស្លាប់​ខ្ពស់​ជាង​វីរុស​កូវីដ​១៩ ត្រូវ​បាន​រកឃើញ​ផ្ទុះ​ឡើង​ក្នុង​ប្រទេស Kazakhstan នេះ​បើ​តាម​មន្ត្រី​ក្នុង​ប្រទេស​ចិន​បាន​ចេញ​ការ​ព្រមាន ។

តាម​គេហទំព័រ​ផ្លូវការ​របស់​ស្ថានទូត​ចិន​បាន​បញ្ជាក់​ថា ​ខេត្ត Atyrau និង Aktobe ក៏​ដូច​ជា​ទីក្រុង Skymkent បាន​ផ្ទុះ​ការ​ឆ្លង​នៃ​ជំងឺ​មិន​ស្គាល់​ឈ្មោះ​នេះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​មក ។ ក្នុង​នោះ​ដែរ ខាង​ក្រសួង​សុខាភិបាល​ប្រចាំ​ប្រទេស Kazakhstan និយាយ​ថា ពួកគេ​រក​ឃើញ​អ្នក​ឆ្លង​ជាង ៣២ ០០០ ករណី​នៃ​ជំងឺ​រលាក​សួត​នេះ​នៅ​ត្រឹម​ចន្លោះ​ថ្ងៃ​ទី ២៩ ខែ​មិថុនា និង​ថ្ងៃ​ទី ០៥ ខែ​កក្កដា ជាមួយ​នឹង​អ្នក​ស្លាប់ ៤៥១ នាក់ ។

ខាង​ស្ថានទូត​បាន​បញ្ជាក់​ថា ប្រទេស Kazakhstan រក​ឃើញ​អ្នក​ស្លាប់​ដោយ​ជំងឺ​រលាក​សួត​នេះ​ចំនួន ១ ៧៧២ នាក់​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​ដំបូង ដោយ​រួម​មាន​​ចំនួន ៦២៨ នាក់​ក្នុង​ខែ​មិថុនា ក្នុង​នោះ​មួយ​ចំនួន​​ជា​ជនជាតិ​ចិន ។ ស្ថាន​ទូត​ចិន បាន​ហៅ​ជំងឹ​នេះ​ថា​ជា «ជំងឺ​រលាកសួត មិន​មាន​អត្តសញ្ញាណ» ខណៈមន្ត្រី​នៅ​ក្នុង​ប្រទេស Kazakhstan និយាយ​ថា វា​គ្រាន់​តែ​ជា​ជំងឺ​រលាក​សួត​ប៉ុណ្ណោះ ។

ទោះ​ជា​យ៉ាង​ណា បច្ចុប្បន្ន​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការ​ណា​បញ្ជាក់​មូលហេតុ​ដែល​ខាង​ស្ថានទូត​ចិន ហៅ​ជំងឺ​រលាក​សួត​នេះ ជា​ជំងឺ​គ្មាន​អត្តសញ្ញាណ ឬ​ព័ត៌មាន​លម្អិត​បន្ថែម​ពី​ការ​ផ្ទុះ​នៃ​ជំងឺ​នេះ​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ដឹង​ថា អត្រា​ការ​ស្លាប់​នៃ​ជំងឺ​នេះ គឺ​ខ្ពស់​ជាង​ការ​ស្លាប់​នៃ​អ្នក​ជំងឺ​កូវីដ ១៩ ទៅ​ទៀត នេះ​បើ​តាម​ស្ថានទូត​ប្រកាស​ព្រមាន​ដល់​ប្រជាជន​ខ្លួន​ដែល​រស់​នៅ​ក្នុង​ប្រទេស Kazakhstan ៕

Related posts

Leave a Comment