សន្ធឹកសំឡេងស៊ីផ្លេឡាន និង ការគោះប៉ោត ឆ្នាំង និង ចានដែក បានកងរំពងពេញក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ៍ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ ដើម្បីជាសញ្ញាបង្ហាញពីចលនាប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលទម្លាក់រដ្ឋាភិបាលលោកស្រី អ៊ុង សានស៊ូជី កាលពីពេលថ្មីៗនេះ ។
អ្នកលេងបណ្ដាញសង្គមជាច្រើន បានធ្វើការឡាយផ្ទាល់ រួមទាំងបង្ហោះវីដេអូរបស់ពួកគេ និង ពលរដ្ឋដទៃទៀតនៅយ៉មុខផ្ទះ ធ្វើការវាយគោះចានដែក ឧបករណ៍ផ្ទះបាយមួយចំនួនទៀត អមដោយការស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារយោធា ដើម្បីទាមទារឲ្យយោធាបញ្ឈប់ការប្រើអំណាចលើប្រទេសខ្លួន ។
តាមការបញ្ជាក់ពីពលរដ្ឋម្នាក់នៅក្រុង Yangon បាននិយាយថា «វាជាប្រពៃណីទំនៀមទម្លាប់របស់ប្រទេសមីយ៉ាន់ម៉ា ការវាយប៉ោត វាយឆ្នាំងនេះ គឺដើម្បីបណ្ដេញគ្រោះចង្រៃ ឬព្រលឹងអាក្រក់ចេញ» ។
ទន្ទឹមនឹងចលនាប្រឆាំងរបស់ពលរដ្ឋមីយ៉ាន់ម៉ានេះ ខាងក្រុមគ្រូពេទ្យ ក៏បានគំរាមឈប់ធ្វើការផងដែរ បើទោះបីជាវីរុសកូវីដ-១៩ កំពុងរាតត្បាតក៏ដោយ ៕