លោកស្រី អ៊ុង សានស៊ូជី ត្រូវបានគេស្គាល់ថា ជានិមិត្តរូបនៃសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនភូមា ដោយក្នុងមួយឆាកជីវិតរបស់លោកស្រី បានចំណាយពេលវេលា នឹងកម្លាំងកាយចិត្ត ដើម្បីឱ្យប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់របបប្រជាធិបតេយ្យពិតៗ ។
ការលះបង់របស់លោកស្រី ចំពោះប្រទេសមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា អាចនិយាយបានថា គឺជាការឆ្លងកាត់នូវភាពលំបាក និងអត់ធ្មត់មែនទែន ពោលគឺ លោកស្រីបានចេញមុខតទល់នឹងរបបយោធា រហូតឈានដល់ការឃុំឃាំងខ្លួន នៅក្នុងគេហដ្ឋាន ពីសំណាក់ ក្រុមយោធា កាលពីថ្ងៃទី ២០ កក្កដា ឆ្នំា ១៩៨៩ ។
លុះក្រោយមក នៅក្នុងការបោះឆ្នោតជាតិឆ្នំា ១៩៩០ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ទទួលបានសំឡេងគំាទ្រដល់ទៅ ៨២% តែរបបសឹកយោធា បែជាមិនទទួលស្គាល់លទ្ធផលនេះទៅវិញ ។
ក្រោយមកទៀត លោកស្រី អ៊ុង សានស៊ូជី ត្រូវបានស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះ អស់រយៈពេលជិត ១៥ ឆ្នាំនៃរយៈពេល ២១ ឆ្នាំ ចាប់ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ២០១០ ដែលចំណុចនេះ បានធ្វើឱ្យលោកស្រី ក្លាយជាអ្នកទោសនយោបាយដ៏លេចធ្លោបំផុតនៅលើពិភពលោក ។ គឺនៅពេលនោះហើយដែល លោកស្រី អ៊ុង សានស៊ូជី បានឈ្នះពានរង្វាន់ណូបែលសន្តិភាព « ជាវីរៈនារីក្លាហាន និង មានសីលធម៌បំផុតនៅលើពិភពលោក » ។ ជាក់ស្ដែង ក្នុងឆ្នាំ ១៩៩៩ ទស្សនាវដ្តី ថែមស៍ បានដាក់ងាររបស់លោកស្រី ថាជា “ កូនរបស់មហាត្មៈគន្ធី” ជាអ្នកស្នងមរតកខាងប្រកាន់យកអហិង្សា។
ក្នុងនាមជាអ្នកទទួលបាននូវ ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព និងជាឥស្សរជនម្នាក់ លោកស្រី អ៊ុង សានស៊ូជី ត្រូវបានលោកខាងលិចចាត់ទុកថា ជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងវ័យ ៧៥ឆ្នាំ លោកស្រី អ៊ុង សានស៊ូជី បានក្លាយជាមេដឹកនាំ និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បន្ទាប់ពីគណបក្សលោកស្រី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជា សកលកាលពីឆ្នាំ ២០១៥ ក្រោយពីលោកស្រី បានជាប់ឃុំនៅក្នុងផ្ទះអស់រាប់ទសវត្ស (គិតចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០១០) ។
យ៉ាងណាម៉ិញ គួររំឮកផងដែរថា នៅព្រឹកថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ លោកស្រីត្រូវបានឃុំខ្លួនជាថ្មី ពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា ដែលខាងយោធាមីយ៉ាន់ម៉ា ជាពិសេសគឺអគ្គមេបញ្ជាការយោធា មីន អោង ហ្លេង (Min Aung Hlaing) បានចោទប្រកាន់ថា ការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ តាមរយៈឈ្មោះស្ទួនរបស់អ្នកបោះឆ្នោត នៅក្នុងបញ្ជីបោះឆ្នោតនៅតាមការិយាល័យជាច្រើន ដូច្នេះហើយទើបធ្វើឱ្យពួកគេមិនសុខចិត្ត នឹងគ្មានដំណោះស្រាយដល់ពួកគេ ទើបឈានដល់ការឃុំខ្លួនលោកស្រីអ៊ុង សានស៊ូជី បែបនេះ ៕