លោកប្រធានាធិបតីអាមេរិក Joe Biden បានអំពាវនាវកាលពីថ្ងៃចន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ឲ្យយោធាមីយ៉ាន់ម៉ាធ្វើការបោះបង់ការប្រើប្រាស់អំណាចរបស់ខ្លួនភ្លាមៗ ដោយរូបលោកបានបញ្ជាឲ្យមានការពិនិត្យឡើងវិញលើការពិចារណាដាក់ទណ្ឌកម្មលើប្រទេសមួយនេះជាថ្មី ។
ក្នុងសេចក្ដីថ្លែងការណ៍ លោកប្រធានាធិបតី Biden បានបញ្ជាក់ថា «សហគមអន្តរជាតិគួរតែរួមរួមគ្នាជាធ្លុងមួយ ដើម្បីទាមទារឲ្យយោធាមីយ៉ាន់ម៉ាធ្វើការដកអំណាចរបស់ខ្លួនភ្លាមៗ ។ សហរដ្ឋអាមេរិក បានលុបចោលការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ារយៈពេលជាងមួយទសវត្សមកនេះ ដោយសារតែការងាកមករករបបប្រជាធិបតេយ្យនេះ ។
ទោះជាយ៉ាងណា ដោយសារតែការផ្លាស់ប្ដូរដោយការធ្វើរដ្ឋប្រហារ ពួកយើងនឹងធ្វើការពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មលើប្រទេសនេះជាថ្មី ។ អាមេរិកនឹងនៅតែប្រកាន់ជំហរគាំទ្ររបបប្រជាធិបតេយ្យ ទោះបីជាមានការវាយប្រហារនៅទីណាក៏ដោយ» ។
គួររំឭកថា កាលពីព្រឹកថ្ងៃចន្ទកន្លងទៅ លោកស្រី អ៊ុង សានស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានយោធាចាប់ខ្លួន ដោយមូលហេតុក្រុមយោធាមិនពេញចិត្តនឹងការឈ្នះឆ្នោត រួមទាំងនិយាយថា ការបោះឆ្នោតមានការក្លែងបន្លំ ។ បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា ត្រូវបានក្រុមយោធា ប្រកាសកាន់កាប់ជាថ្មី រួមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំផងដែរ ៕ប្រភព៖ CNA