ស្របពេលពិភពលោកកំពុងជ្រួលច្របល់ ផ្កាយដុះកន្ទុយមួយបានលេចឡើង ដែលអាចមើលឃើញ ដោយភ្នែកទទេ ក្នុងសប្ដាហ៍នេះ

បរទេស៖ ផ្កាយដុះកន្ទុយដែលទើបនឹងរកឃើញថ្មី ត្រូវបានគេដាក់ឈ្មោះឲ្យថា NEOWISE ហើយវានឹងមើលឃើញដោយភ្នែកទទេ នៅសប្ដាហ៍នេះ។ វាជាផ្កាយដុះកន្ទុយ ដែលអាចមើលឃើញលើកដំបូង នៅក្នុងឆ្នាំ២០២០។

ផ្កាយដុះកន្ទុយនេះដែលត្រូវបានគេហៅជាផ្លូវការថា C/2020 F3 ត្រូវបានរកឃើញដោយផ្កាយរណប NEOWISE របស់អង្គការណាសា កាលពីខែមីនា នៅពេលដែលវាទើបតែហោះឆ្ពោះទៅកាន់ព្រះអាទិត្យ។ វាបានរួចផុតពីការរលាយអស់ ហើយនឹងត្រូវហោះដល់ចំណុចគន្លង ដែលនៅក្បែរផែនដី ក្នុងសប្ដាហ៍ក្រោយ។

ផ្កាយដុះកន្ទុយ NEOWISE ឬ C/2020 F3 (រូបភាពពីប្រទេសហុងគ្រី)

ផ្កាយដុះកន្ទុយ NEOWISE ត្រូវបានគេរំពឹងថា នឹងនៅតែអាចមើលឃើញដោយភ្នែកទទេ នៅក្នុងកក្កដានេះ។ អ្នកស្ថិតនៅអឌ្ឍគោលខាងជើងអាចរកមើលផ្កាយដុះកន្ទុយនេះ នៅផ្ទៃមេឃក្បែរទិសខាងជើងឆៀងខាងកើត នៅពេលព្រឹកជិតភ្លឺ និងក្បែរខាងជើងឆៀងខាងលិច នៅពេលល្ងាចជិតងងឹត។

ផ្កាយដុះកន្ទុយនេះតែងតែមានពន្លឺមិនសូវដិត នៅលើមេឃ ដូច្នេះវិធីដ៏ងាយស្រួលបំផុត គឺត្រូវមើលវានៅព្រឹកព្រលឹមនិងពេលល្ងាច នៅពេលដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ទល់នឹងផ្ទៃមេឃងងឹត។

ផ្កាយដុះកន្ទុយ NEOWISE ឬ C/2020 F3 (រូបភាពពីប្រទេសអ៊ីតាលី)
លោក Karl Battams អ្នកជំនាញផ្នែកតារាសាស្ត្រ នៅមន្ទីរពិសោធន៍ Naval Research Laboratory បានឲ្យដឹងថា សម្រាប់អឌ្ឍគោលខាងជើង វាស្ថិតនៅទាបនៃជើងមេឃ ក្នុងព្រឹកព្រលឹម។ មនុស្សម្នាត្រូវតែក្រោកពីព្រឹកព្រលឹម ប៉ុន្តែវាកាន់តែងាយស្រួល បើសម្លឹងមើលតាមរយៈកែវយឹត។ គេអាចមើលឃើញវាបានសម្រាប់ខែនេះ មុនពេលដែលវាហោះចេញទៅ ក្នុងខែសីហា៕

Related posts

Leave a Comment