ឲ្យការពារដីឧទ្យានជាតិគិរីរម្យ ! មន្ត្រីបរិស្ថាន ឃុបឃិតជាមួយកូនប្រសាជាមន្ត្រីយោធា បោះបង្គោលយកធ្វើជាកម្មសិទ្ធិ…

ខេត្តកំពង់ស្ពឺ ៖ កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានអះអាងថា ដីឧទ្យានជាតិគិរីរម្យនៅខេត្តកំពង់ស្ពឺ ត្រូវឈ្មោះហេង សុខា មានតួនាទីជាមន្ត្រីបរិស្ថានប្រចាំនៅឧទ្យានជាតិគីរីរម្យ និងកូនប្រសាជាមន្ត្រីយោធា បានបោះបង្គោលរំលោភបំពាន យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋបានចោទប្រកាន់ថា លោកហេង សុខា និងកូនប្រសាឈ្មោះ ម៉ាង សុវណ្ណារ៉ា បានក្លែងឯកសារជាច្រើនរឿងដីធ្លីលើភ្នំគីរីរម្យ រហូតមានជាជម្លោះធ្វើឲ្យពលរដ្ឋឈានទៅប្តឹងផ្តល់មកសមត្ថកិច្ច។ ឪពុកកូនទាំង២ ក៏មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ផងដែរ។

ពលរដ្ឋអះអាងថា កាលពីនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះហេង សុខា និងឈ្មោះ ម៉ាង សុវណ្ណារ៉ា កូនប្រុស រួមទាំងគូកន៤-៥នាក់ បានមកវាយបំបាក់របងព្រំដីរបស់ពួកគាត់ និងបានគំរាមកំហែងប្រើហិង្សាមកលើពួកគាត់ និងបានប្រើពាក្យជេរប្រមាថទៀតផង។ ជាមួយគ្នានោះដែរ ពួកគាត់បានដាក់ពាក្យសុំអន្តរាគមន៍ពីអាជ្ញាធរផងដែរ។

ចំពោះ លិខិតលក់ទីតាំងដី ក្នុងភូមិឃុំខាងលើទៅឲ្យឈ្មោះ ហេង សុខា អាជ្ញាធរមិន ទទួលស្គាល់លិខិតនេះទេ។ ចំណែក កូនប្រសាលោក ហេង សុខា ដែលរងការចោទថា វាយបំផ្លិចបំផ្លាញបង្គោលរបងរបស់ប្រជាពលរដ្ឋ ដើម្បីចូលកាន់កាប់ដីនោះ ពលរដ្ឋជាម្ចាស់ដី ក៏បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ផងដែរ។

ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនទាន់សុំការបកស្រាយបញ្ជាក់ពីលោកហេង សុខា និងកូនប្រសា បាននៅឡើយ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

Related posts

Leave a Comment