កូនខ្មែរយើងអស្ចារ្យមែន !កញ្ញា ហុង ចិន្តា ក្លាយ​ជា​អាកាសយានិកា​ខ្មែរ​​​ដំបូង​ ​ដែល​មាន​​​សមត្ថភាព​​បញ្ជា​​​​បក្សី​ស្លាប​ដែក​ខ្នាត​​ធំ​ ​Airbus

ភ្នំពេញ៖​ ផ្តើម​​​ចេញ​អំពី​​ចិត្ត​ចង់​សាកល្បង​ការងារ​ជា​នារី​អាកាសចរណ៍​កាល​​ខ្លួន​នៅ​ជា​និស្សិត​​កំពុង​តែ​រៀន​​ឆ្នាំ​ទី​៣​ ក៏​​​ភ្ជាប់​​​និស្ស័យ​​ និង​ជំរុញ​ឲ្យ​​កញ្ញា ហុង ចិន្តា ឬ​កញ្ញា ចិន្តា ដូរី ខំ​​ពុះពារ​តស៊ូ​រហូត​​​បាន​ក្លាយ​​ជា​អាកាសយានិកា​ខ្មែរ​​វ័យ​​​ក្មេង​ដំបូង​គេ​​​ ​ដែល​អាច​​មាន​សមត្ថភាព​បញ្ជា​បក្សី​ស្លាប​​​ដែក​​បាន​​ដូចជា​បុរស​ដែរ ហើយ​ក៏​ជា​អ្នក​បង្កើត​​ប្រវត្តិសាស្រ្ត​​ថ្មី​​មួយ​សម្រាប់​សមត្ថភាព​ស្រ្តី​​នៅ​ក្នុង​​ប្រទេស​កម្ពុជា នាសតវត្សរ៍​ទី ​២១​​ នេះ​ផង​ដែរ​​។​

បើ​​តាម​សេចក្តី​បញ្ជាក់​​ពី​​​​នាយកដ្ឋាន​​ព័ត៌មាន​​នៃ​ក្រសួង​​​កិច្ចការ​នារី កញ្ញា ហុង ចិន្តា បាន​បង្ហើប​​​​ឲ្យ​​ដឹង​ពី​ប្រវត្តិ​មុន​​នឹង​​ក្លាយជា​អាកាសយានិកា​​​នេះ​ដែរ​ថា៖ «កាល​នៅ​រៀន​សាកល​​វិទ្យាល័យ​ន័រតុន​ ផ្នែក​សណ្ឋាគារ និង​ទេសចរណ៍​ ពេល​​រៀន​បាន​ឆ្នាំ​ទី​៣ ខ្ញុំ​មិន​ធ្លាប់​​សម្ភាស​​ចូល​ធ្វើ​ការងារ​ ដូច​នេះ ​ខ្ញុំ​ចង់​សាកល្បង​ថា​ តើ​ការ​​​សម្ភាស​ធ្វើ​ជា​នារី​​អាកាសចរណ៍ ​មាន​លក្ខណៈ​​បែប​ណា​​។ បំណង​ប្រាថ្នា​របស់​ខ្ញុំ​ មិនមែន​ចង់​ក្លាយ​ជា​នារី​អាកាសចរណ៍​ទេ​ ខ្ញុំ​គ្រាន់​តែ​ចង់​​យក​បទពិសោធ​នា​ពេល​​សម្ភាស​​ចូល​​ធ្វើ​ការងារ​។ មាន​បេក្ខជន​ជាង ១០០ នាក់ បាន​ដាក់​ពាក្យ​តែ​មាន​ចំនួន​ ១៨ នាក់ បាន​ជាប់ ក្នុង​នោះ​​មាន​រូប​ខ្ញុំ​ដែរ​។ នា​ពេល​ធ្វើ​ការ​​បាន​​ ១ ឆ្នាំ ក្រុមហ៊ុន​​ក៏​បាន promote ខ្ញុំ​ ឲ្យ​ទៅ​ធ្វើ​ការ​នៅ​​​ផ្នែក ​Business Class​។ នេះ​ជា​​ឱកាស​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​កាន់​ផ្នែក​អ្នក​បើកបរ​យន្តហោះ។​ លោក​ Captain គាត់​ចូលចិត្ត​​និយាយ​ពន្យល់​ប្រាប់​ខ្ញុំ​ពី​ការ​​បើក​យន្តហោះ​ថា គេ​​ចុច​ត្រង់​ណា​ ដើម្បី​ហោះ​ ​ប៊ូតុង​ណា​គេ​ចុច​សម្រាប់​ធ្វើ​អ្វី​ ហើយ​​ខ្ញុំ​ចូលចិត្ត​សួរ​នាំ​ច្រើន​ ដូច​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​។ គាត់​ចែក​រំលែក​បទពិសោធ​ច្រើន​​ណាស់​​ពី​ការ​ហោះហើរ​​នោះ»។​

ការ​ងារ​ដំបូងរបស់​កញ្ញា ហុង ចិន្តា ជានារី​អាកាសចរណ៍​ក្រុម​ហ៊ុន​ Cambodia Angkor Air។ រូប សហ​ការី
កញ្ញា ហុង​ ចិន្តា ឬ ចិន្តា ដូរី គឺ​ជា​កូន​ស្រី​ពៅ​​​ក្នុង​គ្រួសារ​​ដែល​មាន​បង​ប្អូន ​៣ ​នាក់ (ប្រុស ២)​។ នាង​មាន​កម្ពស់ ១,៧ ម៉ែត្រ ជា​អតីត​​សិស្ស​​រៀន​​នៅ​​​វិទ្យាល័យ​​បាក់ទូក​ចប់​​នៅ​ក្នុង​ឆ្នាំ​​ ២០១១ ហើយ​បាន​បន្ត​ការ​សិក្សា​​ផ្នែក​​សណ្ឋាគារ និង​ទេសចរណ៍​​នៅ​សាកល​វិទ្យាល័យ​ន័រតុន​​​ ដែល​​បាន​បញ្ចប់​​​ថ្នាក់​បរិញ្ញាបត្រ​​នៅ​ឆ្នាំ ​២០១៥​។​ ​នៅ​ឆ្នាំ ​២០១៦ កញ្ញា ហុង ចិន្តា ក៏​មាន​​ឱកាស​ដាក់​​​ពាក្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ទ្រឹស្តី​​​បើកបរ​យន្តហោះ​ ដែល​ជា​ការ​សហការ​រវាង​ក្រុមហ៊ុន​ Cambodia Angkor Air និង​ក្រុមហ៊ុន ​Viet Flight Training។​

កញ្ញា ហុង ចិន្តា នាពេល​អនុវត្តបញ្ជាយន្ត​ហោះ​ផ្ទាល់​។ រូបថត សហ​ការី
ប្រភព​​ពី​នាយកដ្ឋាន​​ព័ត៌មាន​​នៃ​ក្រសួង​កិច្ចការ​នារី​ដដែល​​បាន​​ឲ្យ​​​ដឹង​​ថា៖​ «​​​ឆ្នាំ ​២០១៦ ​​​ពេល​ក្រុមហ៊ុន ​Viet Flight Training នៅ​​វៀតណាម​ មាន​​បើក​​​វគ្គ​បណ្តុះបណ្តាល​ផ្នែក​​ទ្រឹស្តី​​​បើក​យន្តហោះ​ កញ្ញា ហុង ចិន្តា បាន​ដាក់​ពាក្យ​​ចូល​​រៀន​រយៈពេល​ ៦ ខែ នៅ​ក្នុង​ប្រទេស​វៀតណាម និង​បាន​បន្ត​ការ​សិក្សា​​​​អនុវត្ត​បើក​យន្តហោះ​ផ្ទាល់​នៅ​ប្រទេស​ហ្វីលីពីន អស់រយៈ​ពេល ១៣ ខែ។ បន្ទាប់​មក​​​ទៀត កញ្ញា បាន​រៀន​បើក​យន្តហោះ​ខ្នាត​​ធំ​ប្រភេទ​ Airbus នៅ​​​កូរ៉េ​ខាង​ត្បូង ​រយៈពេល ១ ខែ ២០ ថ្ងៃ​​ បើ​គិត​សរុប​ទៅ​កញ្ញា ចិន្តា បាន​ប្រើ​ពេល​អស់ ​​៤ ​ឆ្នាំ សម្រាប់​ការ​​សិក្សា​ផ្នែក​​អាកាសយានិក​នេះ ​​គឺ​គិត​ពី​ឆ្នាំ ​២០១៦- ឆ្នាំ ​២០១៩»​។​

បច្ចុប្បន្ន​នេះ កញ្ញា ហុង ចិន្តា វ័យ ២៩ ឆ្នាំ កំពុង​តែ​​បម្រើ​ការងារ​​ជា​អាកាសយានិកា​នៅ​​ក្រុមហ៊ុន​​អាកាសចរណ៍​​ចិន​​ឈ្មោះ Lanmei Airlines ដោយ​កញ្ញា គឺ​ជា​អ្នក​​បើក​យន្តហោះ​ប្រភេទ​ Airbus 320។​​ កញ្ញា ចិន្តា បញ្ជាក់​ពី​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​នាម​ជា​អាកាសយានិកា​​​ ក្នុង​វីដេអូ​នៃ​កិច្ច​សម្ភាសន៍​​​កម្មវិធី​នារី​រតនៈ ដែរ​​ថា៖ «​គ្រាន់​តែ​គិត​ថា ចង់​ក្លាយ​ជា​អ្នក​បើក​យន្តហោះ​មួយ​ដែល​ល្អ ធ្វើ​​ការ​មាន​ការ​ទទួល​ខុស​ត្រូវ​​​ មិន​នាំ​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​។ សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​ខ្លួន​ឯង និង​ភ្ញៀវ​»។

Related posts

Leave a Comment