ពិសេសខ្លាំងណាស់ អភិបាលស្រុកបន្ទាយស្រី ចុះបកស្លាកផ្សាយពាណិជកម្មបែបអាណាធិបតេយ្យ និងហាមមិនឲ្យមានការបិទផ្សាយលើដើមឈើទៀតនោះទេ

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះក្នុងផេកហ្វេសបុកផ្លូវការរបស់លោក នារសៀលថ្ងៃទី០៨ខែមករាឆ្នាំ២០២១ នេះថា ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឲ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ ហើយក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឲ្យបិទឡើងវិញឡើយ។

នៅក្នុងផេកនោះបន្តថា តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្កេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឲយប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។

ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឲ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ។

ទាក់ទិននឹងករណីនេះដែរ ពលរដ្ឋសាទរទៅនឹងចំណាត់ការរបស់លោកអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេងដែលធ្វើការងារដ៏ល្អនេះ ជូនសង្គមជាតិ ខណៈស្រុកមួយចំនួននៅក្នុងខេត្តនៅមិនទាន់អនុវត្តន៍នៅឡើយ៕

Related posts