រហូតមកដល់ថ្ងៃទី ៨ មករា ២០២១ នេះ ឃាតកបាញ់ប្រហារលោកវីរសេនីយ៍ទោ កំពុងលាក់ខ្លួនយ៉ាងអាថ៌កំបាំងធ្វើឱ្យសមត្ថកិច្ចចម្រុះស្ថាប័នកំពុងតែស្មុគស្មាញក្នុងការស្វែងរកជនដៃដល់ ព្រោះជនល្មើសហាក់មានវិធីសាស្ត្ររត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែងដោយប្រុងប្រយ័ត្នបំផុត ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលតាមរបាយការណ៍របស់សមត្ថកិច្ចបានរកឃើញថា ឃាតករូបនេះ ថែមទាំងមានមធ្យោបាយធ្វើដំណើរដើម្បីគេចខ្លួនថែមទៀតផង ។
បេសកកម្មតាមស្វែងរកឃាតក គឺមានតំរុយថី្ម ដោយកាលពីថ្ងៃទី ៦ មករា ២០២១ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនចេញពីខេត្តរតនគិរី ឆ្ពោះទៅខេត្តស្ទឹងត្រែង ហើយបានរកឃើញថាជនល្មើសបានជិះម៉ូតូមួយគ្រឿង ជិះចូលមកក្នុងភូមិមួយឈ្មោះភូមិច្រប់ ក្នុងស្រុកសេសាន និង បានទុកម៉ូតូនោះចោល ហើយបន្តគេចខ្លួនបាត់ស្រមោលនៅវេលាព្រឹកព្រហាមថ្ងៃ ៧ មករា ២០២១ ចំណែកម៉ូតូរបស់ជនសង្ស័យត្រូវកម្លាំងប៉ុស្តិ៍ក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង បានយកទៅរក្សាទុកជាវត្ថុតាង ។
រហូតមកដល់ពេលនេះ តើជនល្មើសបានរត់ទៅដល់ទីណាហើយទេ ខណៈជននេះបានរត់ឆ្លងពីខេត្តមួយចូលខេត្តមួយ លឿនដូចព្យុះ ។ កាលពីថ្ងៃទី ៤ មករា ជនល្មើសបានបើករថយន្តដឹកប្រពន្ធកូនទៅខេត្តមណ្ឌលគីរី ស្រុកកោះញែក ពេលនោះស្រាប់តែវ៉ាក់អឺនឹងប៉ារ៉ាស់របស់សមត្ថកិច្ច ហើយក៏បានបើកបំបុកទាំងកំរោល រួចហើយក៏សម្រេចចិត្តទុករថយន្ត និងប្រពន្ធកូនចោល រត់ចូលព្រៃបាត់ ។
តាមចម្លើយសារភាពបក្ខពួកខ្មាន់កាំភ្លើងរូបនេះក៏បានផ្ដល់ចម្លើយសំខាន់ៗជាច្រើនបន្ថែមទៀត ដោយរូបគេបានទម្លាយបន្ថែមទៀតថា ក្រោយពេលជនល្មើសបាញ់ប្រហារលោកវរសេនីយទោ រ៉េត ស៊ីណែត ហើយខ្លួនជាបើកបរ បានបើករយន្តម៉ាក exus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 ទៅប្លុងចោល នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ចំណែកឯជនល្មើស ឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន បានទាក់ទងបក្ខពួកម្នាក់ទៀត យកម៉ូតូមកឌុបពួកខ្លួន ឆ្លងស្ពានព្រែក្តាម ទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន ០២យប់ ទើបបន្តរត់គេចពីខេត្តមួយទៅខេត្តមួយ ។
ឃាតកដៃឆៅនោះ សាវតាមុខសញ្ញាបាញ់សម្លាប់ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ ៣៨ ឆ្នាំ អតីតទាហានកម្ម៉ង់ដូ ស្នាក់នៅផ្ទះលេខ ៥៨ អ៉ឺ១ ផ្លូវ ១១០ ភូមិ ១៦ សង្កាត់ផ្សារកណ្ដាល ១ ខណ្ឌ ដូនពេញ ។ ដោយឡែក នៅដើមឆ្នាំ ២០០៣ ឈ្មោះ អ៊ា ណារ៉េន និង បក្សពួក ធ្លាប់ធ្វើសកម្មភាពប្លន់បាញ់សម្លាប់ លោក ឱម រដ្ឋសាឌី ប្លន់យកទូរស័ព្ទដៃ ណូគា ៩២០០ នៅចំណុចជិតផ្សារកាប់គោ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ហើយទើបចេញពីពន្ធនាគារបាន ២ ឆ្នាំ ។ ជននេះមានអាវុធជាប់ដៃ ហើយជាមនុស្សដ៏គ្រោះថ្នាក់បំផុត