ឱ្យតែខំលុយចូលស្រួលណាស់! ដាំតែបន្លែចម្រុះលក់នៅតែផ្ទះ ក៏អាចរកចំណូលបានច្រើនដែរ

កសិករ ជេត ហឿន ភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចាប់យកការដាំបន្លែចម្រុះខ្នាតតូច ក្នុងសំណាញ់ គ្មានសារធាតុគីមី នៅលើផ្ទៃដីទំហំតែ ១ ៣០០ ម៉ែត្រការ៉េ ដោយគាត់អាចរកចំណូលប្រចាំថ្ងៃបានចន្លោះពី ៨០ ០០០ រៀល ទៅ ៩០ ០០០ រៀល គាត់ត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិចាត់ទុកជាកសិករគំរូម្នាក់ មិនតែប៉ុណ្ណោះគាត់បានបង្រៀនដល់កសិករដទៃទៀតនៅក្នុងភូមិរបស់គាត់ឱ្យចេះដាំដំណាំបន្លែចម្រុះដូចគាត់ដែរ ។

កាលពីពេលថ្មីៗនេះ មន្ត្រីនៃមន្ទីរកសិកម្មខេត្តស្វាយរៀង បានចុះទៅពិនិត្យ សកម្មភាពក្រុមបណ្តុំដាំបន្លែសុវត្តិភាព នៅក្នុងផ្ទះសំណាញ់ របស់កសិករ ជេត ហឿន ដែលស្ថិតនៅក្នុង សហគមន៏កសិកម្ម នៅភូមិត្របែកប្រហោង ព្រមទាំងបានផ្តល់ការណែនាំ បន្ថែម អំពីការថែរទាំបន្លែ ដល់គាត់បន្ថែមទៀត និង ជំរុញសមាជិកគ្រប់រូបក្នុងភូមិនេះ ធ្វើការដាំឱ្យអស់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាស្បៀង ផ្តត់ផ្គង់តម្រូវការទីផ្សារ និង បង្កើនប្រាក់ចំណូល ដោយ យកតាមគំរូ កសិករ ជេត ហឿន ។

គួររំឭកផងដែរថា កសិករ ជេត ហឿន ជាសមាជិកក្រុមបណ្តុំកសិករ នៅក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ដែលទទួលកាបណ្តុះបណ្តាលពីក្រុមការងារមន្ទីរកសិកម្មខេត្ត ដោយគាត់បានដាំបន្លែចម្រុះមានត្រកួន ស្ពៃ ផ្ទី និង បន្លែផ្សេងៗជាច្រើនមុខទៀត ៕

Related posts

Leave a Comment