តាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២០ ធ្នូ ២០២០ នេះបានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាម្ចាស់សំណង់កំពុងរស់នៅ តាមមាត់ស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ចំនួន ៤០៥ គ្រួសារនៃចំនួនសរុប ៤៣០ គ្រួសារ ស្មើនឹង ៩៤,១៨% បានយល់ព្រមទៅរស់នៅទីតាំងថ្មី តាមរយៈការចូលរួមចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ទំហំ ២០មx៣០ម ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
ក្រៅពីដីឡូតិ៍ គ្រួសារពលរដ្ឋដែលយល់ព្រមទៅរស់នៅទីតាំងថ្មី នឹងត្រូវបានក្រុមការងារ នៃរដ្ឋបាលខេត្តសៀមរាប រៀបចំជូនបន្ថែមដូចជា ប្រព័ន្ធភ្លើងអគ្គីសនី អណ្តូង និងបង្គន់អនាម័យ ផងដែរ។ការយល់ព្រម ប្រកបដោយទឹកមុខរីករាយរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ បានបង្ហាញពី ការចូលរួមគាំទ្រដល់គម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ និងគម្រោងស្តារ-កែលម្អដងស្ទឹងសៀមរាប ក្រោមកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលដោយ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង/ខេត្តសៀមរាប និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕