នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន០៣នាក់ និងមានការជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣នាក់នោះ គឺមាន២នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ និងម្នាក់ទៀតជាករណីឆ្លងសហគមន៍ ជាកុមារាអាយុ០១ឆ្នាំត្រូវជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមគ្រូពេទ្យកម្ពុជាក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន០៣នាក់ជាសះស្បើយផងដែររួមមាន៖
១- បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។
២- ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។
៣- បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។