កូនខ្មែរជួយស៊ែរអោយភ្លូកទឹកភ្លូកដីផង!អាមេរិកមាន Apple, ចិនមាន Huawei កម្ពុជាមាន Koompi ប៉ុន្តែមិនសូវមានអ្នកស្គាល់យីហោក្នុងស្រុកមួយនេះ

កុំព្យូទ័រយូរដៃរាងស្តើងៗសុទ្ធតែមានយីហោប្រចាំប្រទេសអភិវឌ្ឍន៍ធំៗ ដោយអាមេរិកមាន Apple Macbook ចិនមាន Huawei Matebook ចំណែកកម្ពុជាយើងក៏មានយីហោប្រចាំប្រទេសដែរ នោះគឺ Koompi ដែលជាកុំព្យូទ័រយូរដៃបង្កើតឡើងដោយកូនខ្មែរ ប្រើប្រព័ន្ធប្រតិបត្តិការបង្កើតថ្មីដែលមិនមែនជា Mac OS ឬ Windows ទេ ។

គម្ពីរ ឬ Koompi ជាកុំព្យូទ័រយូរដៃសម្រាប់សិស្សដែលមានតម្លៃសមរម្យ ថ្វីត្បិតថាក្រុមហ៊ុនកុំព្យូទ័រខ្មែរមួយនេះមិនទាន់មានលទ្ធភាពបើករោងចក្រដំឡើងក្នុងស្រុក ប៉ុន្តែយ៉ាងណា Koompi បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលហៅថា ក្រម៉ា (Krama OS) ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ លោក ធុល រិទ្ធី ស្ថាបនិក Small World បានលើកឡើងថា កាលនៅរៀនលោកបានចំណាយពេលចូលបណ្តាល័យស្រាវជ្រាវច្រើន ជាពិសេសចំណាយពេលរៀនជំនាញផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដោយខ្លួនឯងតាមអ៊ីនធឺណេត និងបានឆ្លងកាត់បទពិសោធន៍ធ្វើការផ្នែកបច្ចេកវិទ្យាជាច្រើន ដូចជាបង្កើតវេបសាយលក់អចលនទ្រព្យ ទើបមកបង្កើត Small World Venture ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ហើយកុំព្យូទ័រគម្ពីរនេះបានចាប់កំណើតឡើងនៅចុងឆ្នាំ ២០១៨ ដែលជាក្តីស្រមៃរបស់លោក រិទ្ធី តាំងពីឆ្នាំ ២០១២ ។

កុំព្យូទ័រយីហោខ្មែរមួយនេះបង្កើតឡើងសម្រាប់សិស្ស និស្សិតដែលមិនធ្លាប់មានកុំព្យូទ័រសោះ ជាប្រភេទកុំព្យូទ័រ Open Souce អាចឲ្យអ្នកប្រើយកទៅអភិវឌ្ឍន៍កម្មវិធីបន្ថែម និងប្រើកម្មវិធីឥតគិតថ្លៃជាច្រើន ដោយម៉ូឌែលដំបូងមានតម្លៃ ៣៦៩ ដុល្លារ ការរចនាស្រដៀងគ្នានឹង Macbook Air និង Matebook ដំឡើងនៅកោះតៃវ៉ាន់ ហើយក្នុងនោះដែរស្ថាបនិក Koompi ក៏ចង់ពង្រីកទីផ្សារកុំព្យូទ័រយីហោខ្មែរនេះទៅប្រទេសជិតខាងផងដែរ ។

Koompi ចាប់ផ្តើមជាមួយកម្លាំងម៉ាស៊ីនមធ្យមសម្រាប់ប្រើលើការងារសិក្សា និងការងារការិយាល័យ ដំណើរការដោយ Ram 8G, CPU Intel Celeron N4100, GPU Intel UHD 600 អាចកាន់ថ្មបានប្រមាណ ៧ ម៉ោង ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ Koompi កំពុងអភិវឌ្ឍន៍ Laptop របស់ខ្លួនទៅជំហានបន្ទាប់សម្រាប់ការងារធ្ងន់ៗ ហើយក៏មានគម្រោងចង់បង្កើតកុំព្យូទ័រលើតុផងដែរ ។

Related posts

Leave a Comment