ចម្ការល្ម៉ើ តាខ្នា នៅស្រុកស្ទោង កំពុងផ្តល់ផលជាទីគាប់ចិត្

នេះអាចថាជាចម្ការដំណាំល្ម៉ើធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានជោគជ័យ លើការងារកសិដ្ឋាន និង ការដាំដំណាំល្ម៉ើ ដែលពេលនេះកំពង់ទទួលបានផ្លែផ្កា គួរជាទីគាប់ចិត្ត ដែលមានប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថ្ងៃៗ បាននាំគ្នាចូលទៅទស្សនា និង ទិញផ្លែល្ម៉ើស្រស់ៗ យកទៅពិសារដល់ចម្ការនោះតែម្តង ។ ចម្ការល្ម៉ើនោះមានឈ្មោះថា «ចម្ការតាខ្នា» ដែលមានទីតាំងស្ថិតនៅក្នុងក្រុមហ៊ុន លឹម ប៊ុណ្ណា ក្នុង ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក ខេង វីរ៉ែន អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន លីម ប៊ុណ្ណា បានឱ្យដឹងថា ចម្ការល្ម៉ើ តាខ្នា នាពេលនេះ មានការទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរយ៉ាងខ្លាំង ។ ចម្ការល្ម៉ើនេះ មានផ្ទៃដីទំហំ ៣៥ ហិចតា ដែលបានចាប់ផ្តើមដាំតាំងពី ឆ្នាំ ២០១៧ ដោយសព្វថ្ងៃនេះកំពុងទទួលផលល្ម៉ើ ដែលមាន ពូជ«បាហ៊ី» ជាប្រភេទហូបស្រស់ ពណ៌លឿងមានរសជាតិផ្អែមស្រួយ និង ពណ៌ក្រហមមួយប្រភេទផ្សេងទៀត បានដាំដុះលើផ្ទៃដីរួចហើយ តែមិនទាន់បានផលទេ គឺពូជល្ម៉ើ «ខូណេស៊ី» ហូបស្រស់ដូចគ្នា ។

អ្នកគ្រប់គ្រងរូបនេះបានឱ្យដឹងទៀតថា សព្វថ្ងៃចំការល្ម៉ើ ទទួលបានផលដំបូងខ្ទង់ប្រមាណ ១០ តាន ហើយក្រុមហ៊ុនកំពុងលក់ចេញបានប្រមាណជា ៦តោន នៅទីផ្សារបច្ចុប្បន្ន ដែលលក់នៅក្នុងចម្ការមួយគីឡូក្រាមតម្លៃ ៤៨ ០០០ រៀល ដោយមិនទាន់នាំចេញ ឡើយ ។

ឆ្នាំក្រោយតួលេខនេះនឹងមានការកើនឡើង ៣ ដងក្នុងចន្លោះ ៣០ តោន ហើយយើងនឹងធ្វើការពង្រីកឱ្យកាន់តែធំទូលាយជាងនេះទៀត គឺឆ្នាំទី១ បាន ៣៥ ហិកតា មានការពង្រីកបន្តបន្ទាប់រហូតដល់ ៨០ ទៅ ១០០ ហិចតា ប្រសិនជាមានតម្រូវការទៅកាន់ទីផ្សារកើនឡើង ។


ក្នុងមួយថ្ងៃៗចម្ការល្ម៉ើ តាខ្នា លក់ផ្លែល្មើស្រស់បានពី ៣០០ គីឡូក្រាមទៅ ៧០០ គីឡូក្រាម ហើយក្នុងល្ម៉ើមួយដើមបានផ្លែពី ១៥ គីឡូក្រាម ទៅ ២០ គីឡូក្រាម ទៅតាមប្រភេទដើមតូច ឬ ធំ ។ នៅក្នុងចម្ការល្ម៉ើ តាខ្នា មានបុគលិកជំនាញដាំល្ម៉ើចំនួន ២ នាក់ បរទេសម្នាក់ និង ខ្មែរម្នាក់ដែលមានបទពិសោធន៍ដាំល្ម៉ើមកពីក្រៅប្រទេសទៀតផង ។

**បច្ចេកទេសក្នុងការដាំដំណាំល្ម៉ើ

លោក កើត សុភ័ក្ត្រ អ្នកបច្ចេកទេសដាំល្ម៉ើ ចម្ការ តាខ្នា ដែលមានបទពិសោធន៍ក្នុងការដាំល្ម៉ើក្រៅប្រទេសផងនោះ បានរៀបរាប់ពីបច្ចេកទេសដាំល្ម៉ើថា ដំណាំល្ម៉ើ ដាំមិនសូវរើសដីប៉ុន្មានឡើយ ប៉ុន្តែត្រូវចៀសវាង ការដាំលើដី២ ប្រភេទ គឺប្រភេទដីឥដ្ឋ និង ដីលិចទឹក ក្រៅពីនេះគឺដាំបានគ្រប់ប្រភេទដីទាំងអស់ មិនថា ដីល្បាប់ ដីខ្សាច់ ដីខ្មៅ ដីក្រហមឡើយ ។ ការដាំល្ម៉ើត្រូវដាំ ចន្លោះ ពី ៧ ម៉ែត្របួនជ្រុង ទៅ ៨ ម៉ែត្របួនជ្រុង ទើបល្អ ។

មុនដំបូងយើងត្រូវភ្ជូររាស់ដីឱ្យស្អាត កុំឱ្យមានស្មៅ រួចរៀបជាប្លង់ ឬ ជារងក៏បាន ដោយជីករណ្តៅ ១ ម៉ែត្រ បួនជ្រុង ជម្រៅ ៨ តឹក រួចដាក់ជីកំប៉ូស្តិ៍ ឬ ជីធម្មជាតិ នៅបាតរណ្តៅ ហើយយកកូនល្ម៉ើ ដែលបណ្តុះទុករួចជាស្រេចនោះទៅដាំ មិនឱ្យកូនល្ម៉ើកប់ដីជ្រៅពេកទេ គឺ ដីដែលបណ្តុះកូនល្ម៉ើនោះឱ្យក្រោម កម្ពស់សណ្ឋានដីបន្តិច ហើយត្រូវ ស្រោចទឹក ផ្សើមៗបន្តិចៗបានហើយ កុំស្រោចទឹកច្រើនពេក ។

ការរៀបចំប្រព័ន្ឋទឹកស្រោចស្រព ជាការចាំបាច់ណាស់ ព្រោះល្ម៉ើ វាត្រូវការទឹក ប្រមាណជា ៣០០ ទៅ ៤០០ លីត្រក្នុងមួយថ្ងៃ ។ អ្នកខ្លះ គេរៀបប្រពន្ធស្រោចស្រប់រួចហើយបានដាំ អ្នកខ្លះ គេដាំហើយទើបរៀបប្រព័ន្ធស្រោចស្រពតាមក្រោយក៏បាន ការដាំល្ម៉ើត្រូវការទឹកជាចាំបាច់ បើគ្មានប្រពន្ធទឹកស្រោចស្រពល្អទេនោះ វាពិតជាបរាជ័យមិនខាន ។ បើមានការថែទាំត្រឹមត្រូវ តាមបច្ចេកទេសនោះ ល្ម៉ើក្រោយពីដាំបានរយៈពេល ៣ ឆ្នាំនោះ វានឹងចាប់ផ្តល់ផលជាបណ្តើតៗហើយ ។

លោក ខេង វីរ៉ែន អ្នកគ្រប់រគ្រងចម្ការល្ម៉ើនេះបានបន្តទៀតថា ក្រុមហ៊ុន លឹម ប៊ុណ្ណា បាន វិនិយោគទីនេះ លើផ្ទៃដីចម្ការ ដែលមានផ្ទៃដី ១ ៣៥០ ហិកតា ដែលមានឈ្មោះថា «តំបន់រមណីយដ្ឋានកែងគោលស្ទោង»ដែលមានចម្ការ ចែកចេញជា៖ចម្ការល្ម៉ើ ,ចម្ការស្វាយចន្ទី ,ចម្ការស្វាយកែវរមៀត ,ចម្ការក្រូចពោធិ៍សាត់ និង ដំណាំស្រូវ ហើយតំបន់រមណីយដ្ឋាននេះ គឺជាបណ្ដុំអាជីវកម្មចម្រុះមានការ៉ាសសាំង ម៉ាត ហាងកាហ្វេ ភោជនីយដ្ឋាន ឃ្លាំងស្តុកស្រូវ លក់ចេញ ផងដែរ ។

រមណីយដ្ឋាន «កែងគោលស្ទោង» ទៅថ្ងៃអនាគតក្រុមហ៊ុននឹងធ្វើការបើករីសត ដែលមានដាក់ម្ហូបអាហារបែបធម្មជាតិឱ្យប្រជាពលរដ្ឋសម្រាកនៅពេលចុងសប្តាហ៍ ដើម្បីទទួលទានដែលមានបន្លែធម្មជាតិពិតក្នុងការផ្គត់ផ្គង់ ហើយក្នុងនោះក៏មានអាងចិញ្ចឹមត្រីសម្រាប់ឱ្យភ្ញៀវមកស្ទូចត្រីលម្ហែកាយ និង មានដំណាំហូបផ្លែផ្សេងទៀត ក្នុងនោះដែរ ក៏យើងមានផ្ទះធ្វើបែបបុរាណ ដើម្បីទុកជាមរតកសម្រាប់ឱ្យក្មេងៗជំនាន់ក្រោយបានឃើញ ដែលមានបណ្ដោយ ៥៥ម៉ែត្រ ទទឹង ៥២ម៉ែត្រ ។

ជាមួយគ្នានេះ ក្រុមហ៊ុននឹងត្រូវការជ្រើសរើសកម្លាំងពលកម្មបន្ថែមទៀតប្រមាណជា ៣០០ ទៅ ៤០០នាក់បន្ថែមទៀតនាពេលអនាគត ៕

DON’T MISSចិញ្ចឹមត្រី ៣ ប្រភេទនេះ អាចឱ្យលោក តាំង អ៊ីមសារ៉ាវី រកចំណូលបានរហូតដល់ ៣៥ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ

Related posts

Leave a Comment