លោក ឃឹម ហ្វីណង់ អភិបាលខេត្តបន្ទាយស្រី បានជួបជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដើម្បីបន្តរិះរកនីតិវិធីដោះស្រាយ បញ្ហាវិវាទដីធ្លី ដែលបានកើតមានរុាំរ៉ៃជាយូរឆ្នាំមកហើយ

លោកអភិបាលខេត្តបន្ទាយស្រី ឃឹម ហ្វីណង់ ដែលទទួលបានការកោតសរសើរយ៉ាងច្រើនកុះករ ថាជាអភិបាលខេត្តមួយរូប ចិត្តល្អ មានគំនិតថ្មីៗ នៅក្នុងការអភិវឌ្ឍន៍ ភូមិ ឃុំ ឲ្យមានភាពប្រសើរឡើង និងស្រស់ស្អាត ទាក់ទាញ គួរឲ្យចង់គយគន់ ។

ដោយឡែកកាលពីថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២០នេះ លោកក៏បានបង្ហោះសារយ៉ាងវែង ពាក់ព័ន្ធនឹងរឿងវិវាទដីធ្លី ។ លោក បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ជួបជាមួយតំណាងប្រជាពលរដ្ឋចំនួន ១៥គ្រួសារ មកពីភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ដើម្បីបន្តរិះរកនីតិវិធីដោះស្រាយវិវាទដីធ្លី ដែលបានកើតមានរ៊ាំរ៉ៃជាយូរឆ្នាំមកហើយ។


ថ្ងៃនេះ សុំនិយាយជារួម អំពីវិវាទដីធ្លីនៅក្នុងស្រុកបន្ទាយស្រី និងផ្តល់ទស្សនាទានផ្ទាល់ខ្លួនខ្លះៗលើបញ្ហាទាំងអស់នេះបន្តិច។

ក្នុងរយៈពេល៧ខែដែលខ្ញុំបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី បន្ទាប់ពីបានជួប ចុះពិនិត្យផ្ទាល់ ផ្ទៀងផ្ទាត់ឯកសារ និងធ្វើការដោះស្រាយបញ្ហាទំនាស់ដីធ្លីជាច្រើនក្នុងពេលកន្លងមក ខ្ញុំអាចសន្និដ្ឋានបានថា មួយភាគធំនៃវិវាទដីធ្លី ផ្តើមចេញពីការអាស្រ័យផលនៅលើដីគម្របព្រៃឈើ ដែលជាដីសាធារណៈរបស់រដ្ឋ។

ប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីរដ្ឋទាំងនោះ(ខ្លះតាំងពីយូរមកហើយ ហើយខ្លះទៀតទើបតែបានមួយរយៈក្រោយ) ព្យាយាមកាន់កាប់ ហ៊ុមព័ទ្ធយកដីទាំងនោះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងមានមួយចំនួនទៀតបានលក់បន្ត ដោយជួនកាលថែមទាំងមានការបញ្ជាក់ដឹងលឺទទួលស្គាល់ពីសំណាក់ភូមិឃុំរឺអាជ្ញាធរមូលដ្ឋាន ដែលជាហេតុធ្វើអោយបញ្ហាវិវាទដីធ្លីនៅក្នុងស្រុក មានភាពសាំញ៊ាំ ចាក់ស្រេះពិបាករកផ្លូវដោះស្រាយចេញ។

តែការកាន់កាប់អាស្រ័យផល និងប្រើប្រាស់រស់នៅលើដីរដ្ឋពិតប្រាកដ មិនមែនជាបញ្ហាចោទនោះទេ បើទោះជានៅមានភាពស្រពេចស្រពិលខ្លះៗលើផ្នែកកម្មសិទ្ធិក៏ដោយ។ ភាពស្មុគស្មាញច្រើនកើតឡើងនៅពេលដែលដីរដ្ឋទាំងនេះ ត្រូវបានលក់បន្តទៅកាន់អ្នកទី៣ រឺទី៤ ហើយមានជនខិលខូចមួយចំនួន បានឆ្លៀតយកឱកាសពីភាពមិនច្បាស់លាស់នៃកម្មសិទ្ធិទាំងនេះ ធ្វើការកេងបន្លំ វាតទីពង្រីកដែនកាន់កាប់របស់ខ្លួន បង្កើតឯកសារត្រួតគ្នាក្រោមរូបភាពផ្សេងៗ និងមានករណីខ្លះ អាជ្ញាធរមូលដ្ឋានថែមទាំងបានចុះហត្ថលេខាលើឯកសារដែលលើសពីសម្បទាគតិយុត្តិដែលខ្លួនមានទៀតផង។

ទាំងនេះគឺជាហេតុផលចម្បងដែលបង្កអោយមានការលំបាកក្នុងការដោះស្រាយ ពីជម្លោះទ្វេភាគី ទៅជាជម្លោះត្រីភាគី រឺចតុភាគី ជាហេតុនាំអោយដោះស្រាយមិនចេញ អូសបន្លាយពេលវេលាជាច្រើនឆ្នាំ ព្រោះដីសាធារណៈរបស់រដ្ឋ ទាមទារអោយមានការធ្វើអនុបយោគទៅជាដីឯកជនរបស់រដ្ឋជាមុនសិន មុននឹងអាចធ្វើប្រទានកម្ម រឺសម្បទានជូនប្រជាពលរដ្ឋបាន ប៉ុន្តែការដោះស្រាយបែបនេះធ្វើទៅបានល្គឹកណាតែ ដីទាំងនោះគ្មានទំនាស់ និងប្រជាពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលបានបំពេញលក្ខខណ្ឌចាំបាច់ដែលច្បាប់តម្រូវជាមុនសិនតែប៉ុណ្ណោះ។

កន្លងមក រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងមានការយោគយល់ជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ដែលក្រីក្រមានការខ្វះខាតដីពិតប្រាកដ ហើយបានអាស្រ័យផលនៅលើដីរបស់រដ្ឋរយៈពេលយូរ និងមានឯកសារបញ្ជាក់ដឹងលឺពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។ តួយ៉ាង ដីរដ្ឋជាច្រើន រួមមាន ដីព្រៃ ដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ត្រូវបានធ្វើប្រទានកម្ម និងផ្តល់កម្មសិទ្ធិពេញលេញជូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ក្រោមក្របខណ្ឌនៃការអនុវត្តបទបញ្ជាលេខ០១ នៃ”គោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី”របស់រាជរដ្ឋាភិបាល កាលពីឆ្នាំ២០១២ ផងដែរ។

ដោយឡែក រដ្ឋបាលស្រុកបន្ទាយស្រីបានកំណត់យកការដោះស្រាយវិវាទលើបញ្ហាដីធ្លីនេះ ជាគោលដៅអាទិភាពធំជាងគេមួយ ដែលត្រូវតែបង្រួមពីច្រើនមកតិច ពីធំមកតូច “ធ្វើលេខដក មិនធ្វើលេខបូក” និងឈានទៅដល់ការបញ្ចប់ទាំងស្រុងលើបញ្ហានេះ ព្រមទាំងជម្រុញអោយមានការចុះបញ្ជីត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃអោយអស់សក្តានុពល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិជាពិសេសនៅតាមទីជនបទ។

រដ្ឋបាលស្រុកនឹងបន្តរិះរកដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផល និងមានឯកសារត្រឹមត្រូវតាមលក្ខខណ្ឌកំណត់ដោយច្បាប់ ហើយចំពោះបងប្អូនដែលពិតជាក្រីក្រគ្មានដីពិតប្រាកដ ក៏អាជ្ញាធរនឹងព្យាយាមរកដំណោះស្រាយតាមវិធីផ្សេងៗទៀត ដូចជាក្រោមទម្រង់សម្បទានសង្គមកិច្ចជាដើម។

ផ្ទុយទៅវិញ ជនខិលខូច ជនឱកាសនិយម និងសកម្មជនដីធ្លី ដែលក្លែងបន្លំជាជនក្រីក្រ រឺគ្រាន់តែសំអាងមូលហេតុផ្សេងៗ ហើយកាប់រានទន្ទ្រានវាតទីលើដីរដ្ឋ រួចទាមទារអោយអាជ្ញាធរទទួលស្គាល់ រឺយកទៅលក់អោយឈ្មួញបន្តទៀត នឹងត្រូវបានចាត់ទុកជាការទង្វើអនាធិបតេយ្យរំលោភច្បាប់ ដែលរដ្ឋបាលស្រុកនឹងបន្តប្រកាន់ជំហររឹងម៊ាំមុឹងមាត់ ព្រមទាំងមានចំណាត់ការខាងផ្លូវច្បាប់តឹងរឹងសម្រាប់ជនល្មើសទាំងនោះផងដែរ។

ទឹកដីមួយដែលមានភាពក្សេមក្សាន្ត និងប្រជាពលរដ្ឋអាចរស់នៅបានប្រកបទៅដោយសុភមង្គល លុះត្រាតែគ្មានទំនាស់ និងការជម្លោះគ្នានៅលើកម្មសិទ្ធិដីធ្លី ហើយប្រជាពលរដ្ឋមានការគោរពច្បាប់ មិនរំលោភបំពានគ្នាទៅវិញទៅមក។ ទោះបីជាផ្លូវនេះត្រូវធ្វើដំណើរវែងឆ្ងាយយ៉ាងណាក៏ដោយ ក៏វានៅតែជាផ្លូវតែមួយគត់ដែលអាចផ្តល់ពន្លឺថ្មីនៃក្តីសង្ឃឹម ហើយដែលខ្ញុំជឿជាក់ថា យើងទាំងអស់គ្នាច្រើនទៅៗ នឹងចូលរួមដើរនៅលើវិថីមួយនេះ បណ្តុះឆន្ទៈថ្មីដើម្បីជាកំលាំងជម្រុញទឹកចិត្តអោយប្រឹងប្រែងដើរអោយឆាប់បានដល់គោលដៅទាំងអស់គ្នា។

Related posts

Leave a Comment