រំភើបក្រៃលេង! ទីបំផុត កែវ សុខផេង បានជួបក្មេងប្រុសម្នាក់ ដែលខ្លួនមិនបានចាប់ដៃនៅពេលប្រកួត ហើយបានធ្វើរឿងមួយនេះទៀត…

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រំលងទៅនេះកីឡាករ កែវ សុខផេង បានបង្ហោះសារមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដើម្បីប្រកាសស្វែងរកក្មេងប្រុសម្នាក់ជាអ្នករើសបាល់ម្នាក់ ក្នុងបំណងដើម្បីជូនជាកាដូលើកទឹកចិត្ត។ ដោយសារតែក្មេងប្រុសរូបនោះ បានលើកដៃចង់ចាប់ដៃជាមួយលោក ប៉ុន្តែប្រហែលជារវល់អបអរសាទរនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លាំងពេក ក៏ភ្លេចមិនបានចាប់ដៃ និងទំនងមិនបានឃើញក្មេងប្រុសរូបនោះ។

បន្ទាប់ពីប្រកាសស្វែងរកក្មេងប្រុសរូបនោះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកីឡាកររូបនេះក៏បានស្គាល់អត្តសញ្ញាណក្មេងប្រុសរូបនេះតាមរយៈ ពូឈីវ។ ដោយក្មេងប្រុសរូបនោះមានឈ្មោះ ហ៊ល ពេជ្រពន្លឺ ជាអ្នករស់នៅម្តុំព្រែកឯង។

នៅមុននេះបន្តិច ខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង ក៏បានញ្ជើញទៅជួបប្អូនប្រុស ពេជ្រពន្លឺ ដល់គេហដ្ឋានផ្ទាល់តែម្តង ថែមទាំងជូនកាដូលើកទឹកចិត្តដល់ក្មេងប្រុសរូបនេះថែមទៀតផង រួមទាំងបង្ហោះរូបជាច្រើនសន្លឹកព្រមទាំងសារយ៉ាងដូច្នេះ ថា «ថ្ងៃនេះខ្ញុំបានមកជួបប្អូនប្រុសពន្លឺហើយ ដោយគ្រួសាររបស់ប្អូនបានទទួលយ៉ាងកក់ក្តៅ ហើយយើងក៏បានសួរសុខទុក្ខ និងជជែកគ្នាដោយស្និទ្ធស្នាល។ ជាមួយគ្នានេះ ខ្ញុំក៏បានជូននូវសំភារសិក្សាមួយចំនួនព្រមទាំងឯកសណ្ឋានវិសាខា កាបូបស្ពាយផង និងសៀវភៅប៊ិចខ្លះៗផងដើម្បីជាអនុស្សាវរីយ៍ចំពោះប្អូន។ អ្វីដែលខ្ញុំសំខាន់មួយទៀតនោះគឺអ្នកមីងជាម្តាយរបស់ពន្លឺនិងក្រុមគ្រួសាររបស់គាត់មានភាពរាក់ទាក់ដោយទឹកចិត្តស្រលាញ់រាប់អានបំផុត និងបានវេចខ្ចប់ភេសជ្ជៈ បន្លែ ផ្លែឈើជាច្រើនមុខដែលអ្នកមីងធ្វើ និងដាំដុះដោយផ្ទាល់ដៃសម្រាប់គ្រួសារខ្ញុំថែមទៀត។ ខ្ញុំ សូមជូនពរអ្នកមីង និងក្រុមគ្រួសារប្រកបដោយសុខភាពល្អ រកទទួលមានបាន និងមានសុភមង្គលជានិច្ច ។»

បន្ទាប់ពីកីឡាកររូបនេះបង្ហោះរូបភាពរួមទាំងសាររួចមក ភ្លាមៗនោះក៏ឃើញមានអ្នកគាំទ្រ និងមហាជនជាច្រើននាំគ្នាខមិនកោតសរសើរពីទឹកចិត្តកីឡាកររូបនេះយ៉ាងច្រើនមិនដាច់ពីមាត់តែម្តង។

សូមរំឮកផងដែរថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា កន្លងទៅនេះ គឺជាវគ្គប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ រវាងក្រុមណាហ្គាវើល និងក្រុមវិសាខ ដែលការប្រកួតនេះមានទីតាំងនៅឯពហុកីឡាដ្ឋានជាតិ។ ក្នុងការប្រកួតនេះក្រុមវិសាខា បានគ្រងជើងឯកដោយយកឈ្នះក្រុមណាហ្គាក្នុងលទ្ធផល ២-០។ ក្នុងនោះ ១ គ្រាប់គឺជាការស៊ុតបញ្ចូលទីដោយកីឡាករ ឆេង ម៉េង។ រីឯ ១ គ្រាប់ទៀតគឺជាស៊ុតបញ្ចូលដោយកីឡាករ កែវ សុផេង ផ្ទាល់តែម្តង៕

Related posts

Leave a Comment