ថៃបញ្ជាក់ថា មន្ត្រីការទូតហុងគ្រីប្រចាំប្រទេសថៃ បានឆ្លងកូវីដ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី ក្រោយជិះឡានជាមួយគ្នា និងទទួលទានអាហាររួមគ្នារយៈពេលត្រឹម ៣០នាទី

ថៃ៖ បើយោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា មានមន្ត្រីការទូតហុងគ្រីម្នាក់ដែលកំពុងធ្វើការងារនៅក្នុងទីក្រុងបាងកក ប្រទេសថៃបានឆ្លងជំងឺកូវីដ ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រីដែលទើបធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃកាលពីថ្ងៃទី ៣ វិច្ឆិកា កន្លងទៅនេះ។ លោកវេជ្ជបណ្ឌិត​ Sophon Iamsirithavorn ដែលជាប្រធានផ្នែកជំងឺឆ្លងនៃប្រទេសថៃបានបញ្ជាក់ថា មន្ត្រីការទូតហុងគ្រីរូបនេះមានអាយុ ៥៣​ ឆ្នាំ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយបច្ចុប្បន្នរូបគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងវិទ្យាស្ថានគ្រប់គ្រងជំងឺឆ្លង Bamrasnaradura ក្នុងទីក្រុង Nonthaburi ភាគខាងជើងប្រទេសថៃ ខណៈរូបគាត់មិនទាន់ចេញរោគសញ្ញាអ្វីធ្ងន់ធ្ងរនៅឡើយទេ។

លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី ។ គួរម្លឹកជូនថា មន្ត្រីការទូតវ័យ ៥៣ឆ្នាំរូបនេះបានទៅទទួលរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រីគឺលោក Peter Szijjarto នៅឯព្រលានយន្តហោះ Suvarnabhumi ដោយផ្ទាល់កាលពីថ្ងៃទី៣ ខែវិច្ឆិកា ហើយពួកគេទាំង២នាក់ បានជិះនៅក្នុងឡានតែមួយជាមួយគ្នា។ បន្ទាប់មកមន្ត្រីការទូតរូបនេះបាននាំរដ្ឋមន្ត្រីការបរទេសទៅសណ្ឋាគារ Ananatara Siam និងបានពិសារអាហាររួមគ្នារយៈពេល៣០នាទីផងដែរ។
នៅថ្ងៃទី០៤ ខែវិច្ឆិកា មន្ទីរពិសោធន៍ថៃបានបង្ហាញលទ្ធផល គឺរដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto មានវិជ្ជមានកូវីដ១៩ ហើយនៅថ្ងៃដដែល អ្នកដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋមន្ត្រីហុងគ្រី ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កទាំងអស់។ ចំណែកឯលោក Peter Szijjarto ត្រូវបានគេបញ្ជូនតាមយន្តហោះឯកជនមួយគ្រឿងត្រលប់ទៅកាន់ប្រទេសហុងគ្រីវិញ​ដើម្បីឲ្យគាត់អាចសម្រាកព្យាបាលនៅក្នុងប្រទេសកំណើតរបស់គាត់តែម្តង៕(ប្រភពពីៈ Bangkok Post)

Related posts

Leave a Comment