គិតយ៉ាងម៉េចដែរបងប្អូន! គ្រូ ជា សុខហេង អ្នកចាប់សរសៃ ត្រូវរដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រមានចាត់ការតាមផ្លូវច្បាប់បើសិននៅតែបន្តព្យាបាលប្រជាពលរដ្ឋទៀត ក្នុងនោះលោកគ្រូបានតបថា… (មានវីដេអូ)

បុគ្គលឈ្មោះ «ជា សុខហេង ហៅគ្រូពេទ្យទេវតា» ដែលល្បីល្បាញខាងព្យាបាលជំងឺ តាមរយៈការចាប់សរសៃ ត្រូវបានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើសិនជាបុគ្គលរូបនេះ មិនបញ្ឈប់ការព្យាបាលដោយមិនត្រឹមត្រូវ ទេ។ តាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០

បានអោយដឹងថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបា បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់បុគ្គល «ជា សុខហេង ហៅ គ្រូពេទ្យទេវតា» ព្រោះគាត់មិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឱ្យបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និងទង្វើព្យាបាលអ្នកជំងឺដោយមិនត្រឹមត្រូវជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។

លោក ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះ ថា «នេះជាការបោកប្រាស់ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការឃោសនារបស់គាត់ដែលមិនមែនជាគ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវនោះឡើយ។ សូមបុគ្គលរូបនេះ បញ្ឈប់ការផ្សាយ និង ទង្វើបែបនេះជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបន្តធ្វើការបោកប្រាស់គ្មានវិជ្ជាជីវ:វេជ្ជសាស្ត្រត្រឹមត្រូវនេះទៀត ។ ក្រសួងក៏សូមអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយចាត់ការតាមផ្លូវច្បាប់ជាធរមានផងដែរ»។

ជុំវិញបញ្ហានេះ លោក ជា សុខហេង នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ក៏បានប្រកាសសុំទោសលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ផងដែរ ។ លោក ជា សុខហេង ថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុក ថា «ខ្ញុំបាទ ជា សុខហេង អ្នកចាប់សរសៃសូមគោរពអភ័យទោសដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលរូបខ្ញុំបាទមានកំហុសធ្វើឲ្យប៉ះពាល់ ទៅដល់វិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។ ខ្ញុំបាទសូមសន្យាថាមិនឲ្យមានកំហុសជាលើកទីពីរឡើយ។

សូមឯកឧត្តមមេត្តាប្រោសប្រណីដល់រូបខ្ញុំបាទ ឲ្យបានបន្តជួយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបន្តទៀតផង។ សេចក្តីគួរពុំគួរសូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាសណ្តោសប្រណីដល់រូបខ្ញុំបាទផង។ សូមឯកឧត្តមរដ្ឋមន្ត្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ»។ បច្ចុប្បន្ននេះ លោក ជា សុខហេង កំពុងស្នាក់នៅនិងប្រកបមុខរបរក្នុងបុរីពិភពថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល ៕

Related posts

Leave a Comment