អាមេរិកនឹងស្វះស្វែង លក់អាវុធបន្ថែមទៀតឲ្យឥណ្ឌា ដើម្បីជួយឥណ្ឌាទប់ទល់ឥទ្ធិពលចិន

មន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានហៅប្រទេសចិនថា «ដំរីនៅក្នុងរោង» ហើយថាទីក្រុងវ៉ាស៊ីនតោននឹងជួយបង្កើនផលប្រយោជន៍របស់ឥណ្ឌា នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជានឹងសម្រួលការលក់អាវុធបន្ថែម ដល់ប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើលោកមួយនេះ ដើម្បីការពារខ្លួនពីការគំរាមកំហែងនានា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ស្ទេហ្វិន ប៊ីហ្គាន់ (Stephen Biegun) បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នាឱកាសផ្ដើមបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសឥណ្ឌា រយៈពេល ០៣ថ្ងៃដោយរាប់ចាប់ពីថ្ងៃចន្ទម្សិលមិញ ជាមួយនិងការសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងជួយបង្កើនសមត្ថភាពយោធាឥណ្ឌា ដើម្បីការពារអធិបតេយ្យរបស់ខ្លួន ខណៈកំពុងមានជម្លោះព្រំដែនជាមួយចិន។

លោក Stephen Biegun បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងរកមធ្យោបាយដើម្បីជួយផ្ដល់ថាមពល និងបង្កើនសមត្ថភាពរបស់ឥណ្ឌា ក្នុងការការពារដែនអធិបតេយ្យភាព និងប្រជាធិបតេយ្យ ព្រមទាំងបង្កើនផលប្រយោជន៍ឥណ្ឌា នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ លោក Biegun បានបន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោនបានបង្កើនការលក់សព្វាវុធ និងចែករំលែកព័ត៌មានសំងាត់ជាមួយឥណ្ឌា ដែលនេះហើយជាភស្ដុតាងមួយបញ្ជាក់ពី ការគំាទ្ររបស់អាមេរិកចំពោះឥណ្ឌា។

ទោះជាយ៉ាងណា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំឥណ្ឌា-អាមេរិក ក្នុងទីក្រុងញូដេលីនៅថ្ងៃចន្ទសប្ដាហ៍នេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏បានព្រមានផងដែរពីការកើនឡើង នៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ដោយចាត់ទុកថាចិនជា «ដំរីនៅក្នុងរោង» ដោយលោកផ្ទាល់ចង់មានន័យថា ចិនគឺជាបញ្ហាធំជាក់ស្ដែង ដែលគេគ្រប់គ្នាសុទ្ធតែដឹង តែបែរជាមិនហ៊ាននិយាយទៅវិញ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា រួមទាំងសមភាគីមកពីអូស្ត្រាលី និងជប៉ុន បានជួបពិភាក្សាគ្នាក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ស្តីអំពីការកើនឡើងនៃឥទ្ធិពលចិន ព្រមទាំងការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការទប់ស្កាត់ ជាពិសេសជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង, សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងតំបន់ជម្លោះព្រំដែនរវាងចិន និងឥណ្ឌាតែម្ដង។ កាលពីថ្ងៃចន្ទម្សិលមិញនេះ មេបញ្ជាភូមិភាគយោធាចិន និងឥណ្ឌាក៏បានជួបចរចាគ្នាជុំទី ៧ ផងដែរជុំវិញបញ្ហាជម្លោះព្រំដែន ប៉ុន្តែអ្នកតាមដាននានាបានមើលឃើញថា វាហាក់ដូចជាគ្មានភាពវិជ្ជមានអ្វីឡើយ៕

Related posts

Leave a Comment