ទឹកភ្នែករាប់ពាន់ដំណក់ ចឹងសោះទើបធ្វើ លោក Kim Jong Un ​ថ្លែង​សុន្ទរកថា​ទាំងទឹកភ្នែក

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយទាំងរំជួលចិត្ដ លាយឡំនឹងទឹកភ្នែករលីងរលោង ក្នុងពិធីថ្លែងសុន្ទរកថាមួយ នៅឯពិធីព្យុហយាត្រាយោធាកាលពីចុងសប្ដាហ៍កន្លងទៅ ខណៈពេលលោកបានថ្លែងអំណរគុណដល់កងទ័ព សម្រាប់ការពលី និងបានសុំអភ័យទោសប្រជាពលរដ្ឋ ចំពោះការដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើងជាងមុន។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ នាឳកាសប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករ ជាបក្សកាន់អំណាចបច្ចុប្បន្ន លោក គីម បានអគុណដល់កងទ័ពរាប់ពាន់នាក់ ដែលបានប្រមូលផ្ដុំគ្នា ដោយឆ្លើយតបនឹងគ្រោះធម្មជាតិព្យុះទីហ្វុង ដែលបំផ្លាញនាពេលថ្មីៗនេះ ក៏ដូចជាការជួយទប់ស្កាត់ ការផ្ទុះឡើងជំងឺកូវីដ-១៩ ក្នុងប្រទេសជាដើម។

លោក គីម បានសង្កត់ធ្ងន់ថា ផលប៉ះពាល់នៃវិធានការទប់ស្កាត់ជំងឺរាតត្បាតសកល ការដាក់ទណ្ឌកម្មរបស់អន្ដរជាតិ និងព្យុះទីហ្វុងជាច្រើន បានរួមបញ្ជូលគ្នា ដែលជាហេតុរារាំងរដ្ឋាភិបាល មិនអាចឲ្យធ្វើតាមការសន្យា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកបានមានប្រសាសន៍ថា៖

ការខិតខំ និងភាពស្មោះត្រង់របស់ខ្ញុំ គឺមិនគ្រប់គ្រាន់ទេ ក្នុងការលុបបំបាត់ការលំបាករបស់ប្រជាជនយើង។ ប៉ុន្តែទោះជាយ៉ាងណា ប្រជាជនរបស់យើងតែងតែជឿជាក់លើខ្ញុំជានិច្ច ហើយគាំទ្រការជ្រើសរើស និងការសម្រេចចិត្ដរបស់ខ្ញុំ។
លោកគីម ជុងអ៊ុន
គួរឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវបានអន្ដរជាតិដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររួចស្រាប់ទៅហើយ ចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង។ ដោយឡែក កូរ៉េខាងជើងបានរងផលប៉ះពាល់ថែមមួយកម្រិតទៀត នៅពេលប្រទេសនេះបានបិទចរាចរណ៍ព្រំដែនស្ទើរតែទាំងអស់ សម្រាប់វិធានការទប់ស្កាត់ការផ្ទុះឡើងជំងឺកូវីដ-១៩៕

Related posts

Leave a Comment