កូរ៉េខាងជើងដំឡើងសាច់ដុំ បង្ហាញមីស៊ីលផ្លោងឆ្លងទ្វីប នៅក្នុងព្យុហយាត្រារបស់ខ្លួន (មានវីដេអូ)

កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធា នៅពេលយប់ដ៏កម្រមួយ កាលពីថ្ងៃសៅរ៍ ដោយមានការចូលរួមពីមេដឹកនាំ លោក គីម ជុងអ៊ុន ផងដែរ។ ក្បួនដង្ហែនេះបានប្រារព្ធខួបលើកទី៧៥ នៃគណបក្សពលករ។ ជាធម្មតា កូរ៉េខាងជើងប្រើព្យុហយាត្រារបស់ខ្លួន ដើម្បីបង្ហាញមីស៊ីលនិងអាវុធថ្មីៗ។

ក្រុមអ្នកជំនាញបាននិយាយថា មីស៊ីលផ្លោងឆ្លងទ្វីបអាចមើលឃើញយ៉ាងច្បាស់ នៅក្នុងព្រឹត្តិការណ៍ នៅពេលព្រឹក។ វាជាក្បួនដង្ហែលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេល២ឆ្នាំនេះ ហើយវាបានកើតឡើងប៉ុន្មានសប្ដាហ៍ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។

កូរ៉េខាងជើងមិនបានបង្ហាញមីស៊ីលផ្លោងនៅក្នុងព្យុហយាត្រារបស់ខ្លួនទេ ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម បានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅក្នុងឆ្នាំ២០១៨។

បើយោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការដង្ហែក្បូនបានធ្វើឡើង មុនពេលព្រឹកព្រលឹមថ្ងៃសៅរ៍។ មូលហេតុនៃការកំណត់យកពេលវេលាដូចនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

មិនមានសារព័ត៌មានបរទេសឬជនជាតិបរទេសណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមនោះទេ ដូច្នេះអ្នកវិភាគកំពុងពឹងផ្អែក លើខ្សែវីដេអូកែសម្រួលរបស់កូរ៉េខាងជើង ដែលបានចេញផ្សាយ ដើម្បីវាយតម្លៃការដើរព្យុហយាត្រានេះ៕

Related posts

Leave a Comment