ឥដ្ឋធ្វើពីកាកសំណល់សំរាមប្លាស្ទិក កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង (វីដេអូ)

កន្លងមក គេធ្លាប់តែឃើញឥដ្ឋធ្វើពីដីឥដ្ឋ និង ស៊ីម៉ង់ ប៉ុន្តែឥឡូវនេះ គេបានយកកាកសំណល់ប្លាស្ទិក ដែលគេគ្រវាត់ចោលមកផលិតជាឥដ្ឋ សម្រាប់រៀបរបង និង ជញ្ជាំងផ្ទះ ទៅតាមតម្រូវការ ដែលត្រូវបានគេចាត់ទុកថា ជាការរួមចំណែកយ៉ាងធំធេងក្នុងការជួយថែរក្សាបរិស្ថាន ។

ហើយឥដ្ឋប្រភេទនេះ ត្រូវបានគេហៅថា ឥដ្ឋអេកូ ដែលមានគុណភាពល្អជាងឥដ្ឋយើងធម្មតា ។ បច្ចុប្បន្ន ឥដ្ឋអេកូនេះ កំពុងទទួលបានការចាប់អារម្មណ៍ និង គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និង អ្នកប្រើប្រាស់ ។

លោក សុខ ធី គឺជាម្ចាស់សហគ្រាស ដែលមានគំនិតច្នៃប្រឌិតយកកាកសំណល់សំរាមប្លាស្ទិកមកផលិតជាឥដ្ឋអេកូ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។ លោកមានគំនិត និង ចាប់ផ្តើមធ្វើឥដ្ឋអេកូនេះ តាំងពីឆ្នាំ ២០១៩មកម្ល៉េះ ហើយជំនាញ និង បច្ចេកទេសក្នុងការធ្វើឥដ្ឋពីកាកសំណល់សំរាមប្លាស្ទិកនេះ( ឥដ្ឋអេកូ )លោកបានទៅធ្វើការសិក្សាពីប្រទេសចំនួន ៥គឺប្រទេសឥណ្ឌា ,ម៉ាឡេស៊ី ,ថៃ និង ប្រទេសចំនួន ២ ទៀតគឺប្រទេស ចិន និង ប្រទេសហ្វីលីពីន លោកបានធ្វើការ
ទាក់ទង និង សិក្សាតាមអនឡាញ ។

ពេលជួបជាមួយ «ប្រជាប្រិយ»លោក សុខ ធី បានរៀបរាប់ថា ដោយមើលឃើញថា សព្វថ្ងៃប្រជាពលរដ្ឋយើង មានការប្រើប្រាស់ប្លាស្ទិកច្រើន ហើយពេលពួកគាត់បោះចោលសំរាមប្លាស្ទិកនោះទៅលើដី ទៅក្នុងទឹកស្ទឹង បឹងបួរ និង ទន្លេនោះ វាមិនរលាយ វាធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយកំណើននៃការប្រើប្រាស់ប្លាស្ទិក ក៏កាន់តែច្រើន ដែលជាបញ្ហាមួយប៉ះពាល់ដល់បរិស្ថាន ។

ដោយសារតម្រូវការសាងសង់ ក៏កាន់តែច្រើន ហើយឥដ្ឋប្រហោងដែលយើងប្រើប្រាស់រាល់ថ្ងៃនេះ ត្រូវការកាប់ដើមឈើយកមកដុតឱ្យវាក្រហមបំផ្លាញបរិស្ថាន ចំណាយពេលវេលាយូរទៀត ។ ដូច្នេះយើង ក៏ចាប់ផ្តើមកែច្នៃសំរាមប្លាស្ទិកឱ្យចេញជាឥដ្ឋ ដោយយើងមិនបំផ្លាញព្រៃឈើ ហើយចំណេញពេលវេលាទៀត ។

ការផលិតឥដ្ឋពីកាកសំណល់សំរាមប្លាស្ទិកនេះ មុនដំបូងលោកបានសហការជាមួយសាលា និង អាជ្ញាធរ ដើម្បីឱ្យពួកគាត់ធ្វើការផ្សព្វផ្សាយឱ្យកូនសិស្ស ឬ នៅតាមសហគមន៍ឱ្យទុកដាក់កាកសំណល់សំរាមប្លាស្ទិកមានដូចជា កញ្ចប់នំ កញ្ចប់មី ទុយោ កំប៉ុងជ័រ ប្រអប់បាយ និង ប្រភេទស្បោង ដែលពួកគាត់ក្រវាត់ចោលនោះ ឱ្យប្រមូល ឬ ទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីយកមកកែច្នៃធ្វើជាឥដ្ឋអេកូនេះ ។

លោក សុខ ធី បានឱ្យដឹងបន្តទៀតថា មួយរយៈកន្លងមកនេះ យើងបានផ្អាក ដោយសារខ្វះម៉ាស៊ីនផលិត និង សាលារៀនបានបិទទ្វារ ដូច្នេះយើងមិនទាន់ដំណើរការចេញលក់នៅឡើយទេ ។ រាល់ថ្ងៃនេះ ខ្ញុំធ្វើក្នុងចំនួនតិចតួច សម្រាប់ផ្គត់ផ្គង់តម្រូវការ ដេគ័រតាមហាង ឬ តាមផ្ទះជាដើម ។ ជាខ្សែសង្វាក់ផលិតកម្មរបស់យើងនោះ គឺយើងត្រូវការម៉ាស៊ីនផលិតចំនួន ៤ ឥឡូវនេះ យើងមានម៉ាស៊ីចំនួន ៣ហើយ រួមទាំងម៉ាស៊ីន ដែលយើងបានកែច្នៃ ដូច្នេះយើងនៅខ្វះម៉ាស៊ីនលាយ ១គ្រឿងទៀត ។ បច្ចុប្បន្ននេះ យើងផលិតឥដ្ឋបានតិចតួចនោះទេគឺក្នុងមួយថ្ងៃអាចផលិតបានពី ១០០ដុំ ទៅ ២០០ដុំតែប៉ុណ្ណោះ ។

ប៉ុន្តែពួកខ្ញុំកំពុងកែច្នៃម៉ាស៊ីន ព្រោះម៉ាស៊ីនខ្លះត្រូវការទិញពីក្រៅមក តែដោយសារព្រំដែនគេបិទមិនអាចនាំចូលបាន ដោយសារជំងឺកូវីដនោះ ដូច្នេះតម្រូវឱ្យយើងធ្វើការកែច្នៃដោយខ្លួនឯង បើយើងធ្វើបានគ្រប់ចង្វាក់ផលិតកម្មនោះ ក្នុងមួយថ្ងៃយើងអាចផលិតឥដ្ឋបានពី ៥០០ដុំ ទៅ ៧០០ដុំ នេះគឺយើងធ្វើពាក់កណ្តាលស្វ័យប្រវត្តិ។ តែនៅពេលបន្តិចទៀត បើយើងធ្វើដោយស្វ័យប្រវត្តិនោះគឺ យើងអាចផលិតឥដ្ឋបានពី ២៥០០ដុំ ទៅ ៣០០០ដុំ។

ហើយឥដ្ឋរបស់យើងនេះ មានបណ្តោយប្រវែង ៣ សង់ទីម៉ែត្រ, កម្ពស់ ១០សង់ទីម៉ែត្រ និង កម្រាស់ទទឹង ១៥សង់ទីម៉ែត្រ ។ តម្លៃឥដ្ឋ ដែលយើងគ្រោងលក់នេះគឺ ១ដុំមានតម្លៃ ១០០០រៀល ។ ឥឡូវនេះ ឥដ្ឋអេកូកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អតិថិជន ហើយក៏មានដេប៉ូខ្លះ គេទាក់ទងយកទៅធ្វើការចែកចាយផ្តាច់មុខផងដែរ តែយើងមិនទាន់មានលទ្ធភាពផលិតឱ្យគ្រប់ចំនួនគេចង់បាននៅឡើយ ។

លោក សុខ ធី បានបញ្ជាក់ពីគុណភាពរបស់ឥដ្ឋអេកូនេះថា តាមអ្នកជំនាញបច្ចេកទេសបានប្រាប់ថា ឥដ្ឋប្រភេទនេះមានគុណភាពរឹងមាំជាងឥដ្ឋយើងធម្មតាពី ៥ទៅ៦ដង ហើយលោកក៏បានយកទៅធ្វើពិសោធន៍នៅសាលាតិចណូ អំពីកម្លាំងសង្កត់កៀប ហើយយើងទទួលបានលទ្ធផលល្អ ។ បើទោះបីជាវា មានតម្លៃថ្លៃជាងឥដ្ឋយើងធម្មតាក៏ពិតមែន ប៉ុន្តែឥដ្ឋរបស់យើងនេះ រៀបបានលឿន ប្រើប្រាស់ស៊ីម៉ង់តិចជាងឥដ្ឋយើងធម្មតា ។

ឥដ្ឋអេកូនេះ ត្រូវបានគេទិញយកទៅធ្វើរបងផ្ទះ ជញ្ជាំងផ្ទះ និង ដេគ័រនៅតាមហាង លោក យ៉េន វណ្ណី ជាមន្ត្រីរាជការ លោកបានទិញ ឥដ្ឋប្រភេទនេះយកទៅធ្វើរបងផ្ទះបានឱ្យដឹងថា ការផលិតឥដ្ឋប្រភេទនេះ គឺវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយថែរក្សាបរិស្ថាន បើទោះវាមានតម្លៃថ្លៃជាងឥដ្ឋធម្មតាបន្តិចក៏ពិតមែន ប៉ុន្តែវាមានភាពស្រស់ស្អាត និង រឹងមាំល្អ ហើយប្រើស៊ីម៉ង់តិច រៀបលឿន ចំណេញទាំងពេលវេលា និង ថវិកាថែមទៀត ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment