គាំទ្រទេ? អនគតតាមផ្លូវទៅប្រាសាទបន្ទាយស្រី នឹងមានផ្កាក្ងោក ផ្កាសាគូរ៉ា រាប់រយដើមរីកសងខាងផ្លូវ

តាមទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង នៃស្រុកបន្ទាយស្រី ឱ្យដឹងថា ទីបំផុត ដើមផ្កាក្ងោក និង ផ្កាសាគូរ៉ាជំទង់ៗ ចំនួន ១០០០ ដើម ត្រូវបានចាប់ផ្តើមដាំនៅលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ ។

តាមការបញ្ជាក់ កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលជាអ្នកផ្តួចផ្តើមគំនិត និង ឧបត្ថម្ភដើមផ្កាទាំងអស់នេះជូនដល់រដ្ឋបាលស្រុកបន្ទាយស្រីដាំលម្អនៅតាមដងផ្លូវ ។

ក្នុងនោះក៏មានការចូលរួមពីបងប្រធាន ប្រាក់​ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប យុវជនសសយកខេត្ត យុវជនស្ម័គ្រចិត្តមកពីអង្គការដៃគូ មន្ត្រីរាជការនៅក្នុងស្រុក ប្រជាការពារ និង ជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះដោយផ្ទាល់ផងដែរ ។

វត្តមាន និងការចូលរួមរបស់ប្រជាជនទាំងនេះជាការចាំបាច់ណាស់ដើម្បីជួយស្រោចទឹក ដាក់ជី ថែរក្សា ក៏ដូចជាជួយសម្អាត ជម្រះស្មៅ ដាំផ្កាបន្ថែមផងដែរ ។

រដ្ឋបាលស្រុកនឹងបន្តស្វែងរក និង រៀបចំដាំដើមផ្កាក្ងោក និង ផ្កាសាគូរ៉ាប្រភេទនេះបន្ថែម ឱ្យបានពេញតាមបណ្តោយដងផ្លូវទាំងមូល ក៏ដូចជាអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ចូលរួមដាំផ្កាផ្សេងៗទាំងតូចទាំងធំ ទាំងខ្ពស់ទាំងទាប នៅតាមរបង និង តាមមុខផ្ទះបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញរឹតតែខ្លាំងសម្រាប់ភ្ញៀវទេសចររាប់លាននាក់ដែលឆ្លងកាត់ផ្លូវនេះក្នុងមួយឆ្នាំៗ ៕

Related posts

Leave a Comment