ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជារួមគ្នាគាំទ្រដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត


ធនាគារឯកទេសវីង នឹងផ្តល់ការគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ក្នុងការកំណត់ប្រភេទអ្នកជំងឺ ជួយផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ។

ភ្នំពេញ ២៧ មិថុនា ២០២០ ៖ ធនាគារឯកទេសវីង និង អង្គការស្នាមញញឹមកម្ពុជាបានចុះកិច្ចព្រមព្រៀងមួយធ្វើជាដៃគូដើម្បីផ្សព្វផ្សាយការវះកាត់ដោយឥតគិតថ្លៃជូនដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។

ក្នុងភាពជាដៃគូនេះ ធនាគាឯកទេសវីង នឹងជួយគាំទ្រដល់អង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្សព្វផ្សាយពីការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ តាមរយៈប្រព័ន្ធទំនាក់ទំនងរបស់ធនាគារឯកទេសវីងដោយរួមមាន៖ បណ្តាញសង្គម គេហទំព័រ កម្មវិធីស្មាតហ្វូនវីង និង តាមរយៈភ្នាក់ងារវីង ជាដើម ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ «មាត់គឺជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់មនុស្ស។ ទោះបីជាយ៉ាងណាក្តី កុមារមួយចំនួនបានទទួលរងគ្រោះនៃបញ្ហាឆែបមាត់ដែលបណ្តាលឱ្យពួកគេពិបាកបរិភោគអាហារ ពិបាកធ្វើការទំនាក់ទំនង និងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ យើងដឹងពីការឈឺចាប់របស់ពួកគេ ហើយយើងមានគោលបំណងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងយុវជនកម្ពុជាដែលកំពុងរស់នៅជាមួយបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ»។

ក្នុងនាមជាធនាគារឯកទេសឈានមុខគេនៅកម្ពុជា វីងបានបញ្ជ្រាបនូវស្មារតីនៃការចូលរួមកិច្ចការសង្គមទៅដល់និយោជិកនិងការប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ពួកគេផងដែរ។ វីងបានប្តេជ្ញាធ្វើឱ្យប្រទេសកម្ពុជាកាន់តែល្អប្រសើរតាមគ្រប់វិធីទាំងអស់។ ហេតុដូចច្នេះហើយទើបកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់វីង បានផ្តោតសំខាន់លើ៖ អក្ខរកម្មហិរញ្ញវត្ថុ សុខភាពនិងសុវត្ថិភាព ការអភិវឌ្ឍន៍សហគមន៍ ការអប់រំ ក៏ដូចជាការពង្រឹងសមភាពយេនឌ័រជាដើម។

លោក ចាន់ កុកចយ នាយកប្រតិបត្តិ នៃអង្គការស្នាមញញឹមនៃកម្ពុជាបានមានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយធនាគារឯកទេសវីងនាថ្ងៃនេះ នឹងធ្វើឱ្យយើងអាចជួយដល់ប្រជាជនដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗកាន់តែច្រើនក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធទំនាក់ទំនងរបស់វីង។ យើងដឹងពីការឈឺចាប់របស់អ្នកជំងឺ ហើយយើងចង់ឱ្យជីវិតរបស់ពួកគេពោពេញទៅដោយស្នាមញញឹម និងប្រកបដោយទំនុកចិត្ត ។យើងចង់ព្យាបាលអ្នកជំងឺដែលមិនបានទទួលការវះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។ យើងនឹងរៀបចំប្រតិបត្ដិការវះកាត់នៅតាមខេត្ដផ្សេងៗដើម្បីព្យាបាល និងផ្ដល់ឱ្យពួកគេនូវអនាគតល្អប្រសើរ»។

បណ្តាអ្នកជម្ងឺដែលមានឆែបមាត់ មានភាពស្ទាក់ស្ទើរក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គមដែលបណ្តាលឲ្យពួកគាត់មានបញ្ហាផ្លូវចិត្ត និងអាកប្បកិរិយាផងដែរ ។ ចាប់តាំងពីឆ្នាំ ២០១៥ អង្គការស្នាមញញឹមកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបុព្វហេតុដ៏មានតម្លៃក្នុងការផ្តល់ជូននូវការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺកម្ពុជាដែលមានបញ្ហាឆែបមាត់ ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។

ក្នុងរយៈពេលជា៥ឆ្នាំមកនេះ អង្គការស្នាមញញឹមកម្ពុជាបានផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺប្រមាណ១៤០០នាក់ដោយមានគាំទ្រពី Smile Asia, Rotary Club of LIkas Bay, Rotary Club of Lu Chou & I-LAN, Taiwan, Face to Face, USA, MdM, Australia, ជាដើម ដោយមានអ្នកស្ម័គ្រចិត្តក្នុងស្រុកជាង ៥០ នាក់រួមមាន៖ គ្រូពេទ្យវះកាត់ គ្រូពេទ្យឯកទេសខាងថ្នាំសន្តំ និងគិលានុបដ្ឋាយិកាជាដើម ដែលមានបទពិសោធន៍ល្អ និងបានគាំទ្រប្រតិបត្តិការវះកាត់។ ចាប់ពីពេលនេះតទៅភ្នាក់ងារវីងជិត៨០០០កន្លែងទូទាំងព្រះរាជាណាចក្រនឹងចូលរួមផ្តល់នូវពន្លឺនៃជីវិតដល់កុមារទូទាំងព្រះរាជាណាចក្រកម្ពុជាផផងដែរ។

Related posts

Leave a Comment