ផ្ទុះការរិះគន់ Vlogger ម្នាក់ធ្វើកម្មវិធីចាប់គូឱ្យប្រុស-​ស្រី ជាការពង្វក់ឱ្យក្មេងៗគិតតែពីរឿងស្នេហាមិនគិតខំរៀនសូត្រ

អ្នកដែលធ្លាប់តាមដានវីដេអូកម្សាន្តសប្បាយៗរបស់ Vlogger ម្នាក់ឈ្មោះ ម៉េងហ៊ុយ ប្រាកដជាដឹងហើយយុវជនរូបនេះតែងរិះរកគំនិតថ្មីៗបង្កើតជាវីដេអូប្លែកៗនៅតាមទីសាធារណៈដើម្បីឱ្យទស្សនាបានរីករាយសើចសប្បាយតាមវីដេអូខ្លួន ។ កន្លងទៅវីដេអូរបស់គេក៏តែងទទួលបានការពេញនិយមគួរសមពីសំណាក់ទស្សនិកជនពិសេសយុវវ័យ ។

យ៉ាងណាមិញថ្មីៗនេះយុវជនរូបនេះបានធ្វើវីដេអូលេងហ្គេមមួយរកស្នេហាឱ្យបុរស និង នារី ឬ ​ហៅថាការចាប់គូឱ្យអ្នកមិនដែលស្គាល់គ្នាសោះ ។ វីដេអូមួយនេះមានចំនួនអ្នកទស្សនារាប់ម៉ឺននាក់ និងមានយុវវ័យនាំគ្នាចែករំលែកព្រោងព្រាត ទន្ទឹមនឹងនោះក៏មានមជ្ឈដ្ឋានមួយចំនួនហាក់មិនសូវពេញចិត្តនឹងវីដេអូនោះផងដែរ ដោយពួកគេគិតថាជាការពង្វក់ក្មេងៗឱ្យគិតតែពីរឿងស្នេហាខ្លាចអត់បានប្ដី-ប្រពន្ធ មិនគិតខំរៀនសូត្រ ។ បន្ថែមលើពីនេះទៀតគេបានលើកឡើងថា មិនគិតខំធ្វើវីដេអូអប់រំល្អៗទេ បែរជាបង្កើតកម្មវិធីចាប់គូរកស្នេហា ដូចពាក្យចាស់គេធ្លាប់និយាយថា ចាប់ញីបន្សីឈ្មោល ។ យ៉ាងណាមិញបើទៅមើលសន្ទុះនៃការគាំទ្រវិញក៏មានដូចគ្នាដែរ ពួកគេគិតថានេះគ្រាន់តែវីដេអូកម្សាន្តសប្បាយ ហើយប្រសិនបើអ្នកណាចង់បានវីដេអូអប់រំ មានអ្នកធ្វើច្រើនណាស់ទៅស្វែងរកទៅ ហើយបើមិនពេញចិត្តមិនបាច់មើលទេ ។ បន្ថែមលើពីនេះទៀតបើតាមសម្ដីរបស់យុវជនដែលជាអ្នកបង្កើតវីដេអូនោះឡើងគេថា វីដេអូបែបនេះមានប្រទេសផ្សេងៗគេធ្វើច្រើនណាស់មិនមែនមានតែនៅកម្ពុជាទេ ៕

Related posts

Leave a Comment