រដូវភ្ជុំវត្តនានាចង្ហាន់ហូហៀរ តែកម្សត់វត្តមួយនេះស្ងាត់ជ្រងំ ព្រះសង្ឃខ្សត់ចង្ហាន់ខ្លាំង

គិតមកត្រឹមថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ គឺត្រូវនឹង បិណ្ឌទី ៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរតាំងប្រារព្ធធ្វើឡើងមិនដែលខាន ដោយការយកចង្ហាន់ទៅប្រគេនព្រះសង្ឃរង់ចាំព្រះវស្សានៅតាមបណ្តាវត្តអារាមជិតឆ្ងាយនានាទូទាំងប្រទេស ។

យ៉ាងណាមិញ វត្តអារាមមួយចំនួនដែលនៅតំបន់ដាច់ស្រយាលដូចជានៅលើភ្នំ ភូមិស្រុកឆ្ងាយពីទីក្រុង ពុំសូវមានពុទ្ធបរិស័ទបានទៅដល់ ហើយតែងតែខ្សត់ចង្ហាន់ជារឿយៗទោះបីស្ថិតក្នុងរដូចកាលបុណ្យទានបែបនេះក៏ដោយ ។

ជាក់ស្តែងវត្តមួយឈ្មោះ អាស្រមភ្នំគ្រង (ភ្នំតូច) ព្រះសង្ឃដែលគង់ក្នុងវត្តក៏កំពុងខ្វះចង្ហាន់ដូចគ្នា ដោយមានពុទ្ធបរិស័ទទៅតិចជាងឆ្នាំមុន ។ បើតាមរូបភាពបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Ros Chhun យើងឃើញថា នៅក្នុងបិណ្ឌទី ៧ ព្រះសង្ឃនៅក្នុងវត្តទទួលបានចង្ហាន់តែមួយថាសប៉ុណ្ណោះ ហើយក្នុងបាត្រសម្រាប់រាប់បាត្រ គឺទទេស្អាត ។ បងប្អូនដែលមានបំណងចង់ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តខ្សត់ៗ អាចទៅវត្ត អាស្រមភ្នំគ្រង (ភ្នំតូច) នេះបាន ដែលមានទីតាំងស្ថិតនៅ នៅភូមិ​ស្គន់​ ឃុំសូទិព្វ​ស្រុកជេីងព្រៃ​ខេត្តកំពង់ចាម បើទៅពីភ្នំពេញ ហួសផ្សារផ្អាវប្រហែលជាគីឡូដី មើលខាងឆ្វេងដៃគេដាក់ក្លោងទ្វាវត្តជើងព្រៃ ជិតរោងចក្រស្បែកជើង ជីហួយ ៕

Related posts

Leave a Comment